ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករផ្សារអង្គរបុរី ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ថៅកែផ្សារអង្គរបុរី គឺអ្នកសី្រ ប្រាក់ ស៊ីម អាងអំណាចលោកអភិបាលស្រុកបាននិងកំពុងធ្វើអ្វីតាមអំពើចិត្តនៅក្នុងផ្សារនេះ ។ ការពុះច្រៀកបន្ថែមតូប, ការយកចិញ្ចើមផ្លូវសាធារណៈធ្វើជាទីកន្លែងផ្ងើកង់ម៉ូតូ និងតម្លៃផ្ញើកង់ម៉ូតូលើសសៀវភៅបន្ទុក… គឺសុទ្ធតែជាបញ្ហា ដែលកំពុងកើតឡើងនៅក្នុងផ្សារនោះ ។ ក្រុមអាជីវករនិយាយថា លោកស្រីថៅកែផ្សារ បានដាក់ការគាបសង្កត់មកលើពួកគាត់គ្រប់វិធី ។
ប្រជាពលរដ្ឋនៅស្រុកអង្គរបុរីនិយាយថា កំណាត់ផ្លូវមុខផ្សារបានក្លាយទៅជាកន្លែងលក់ដូរ និងជាចំណតកង់ម៉ូតូ ។ ពួកគាត់បានលើកឡើងអំពីបញ្ហានេះជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែមិនឃើញមានការផ្លាស់ប្តូរជាវិជ្ជមានណាមួយឡើយ ។ ដូច្នេះហើយ ទើបប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករទម្លាយបញ្ហានេះដល់អ្នកសារព័ត៌មាន ។ មានរឿងរ៉ាវជាច្រើនទៀតនៅក្នុងផ្សារនេះ ដែលអ្នកស្រីប្រាក់ ស៊ីម ធ្វើអ្វីៗតាមអំពើចិត្ត ដែលភាគច្រើន គឺមិនអនុវត្តទៅតាមសៀវភៅបន្ទុកនោះទេ ។ ការកំណត់តម្លៃអ្វីៗ ទៅតាមបបូរមាត់របស់អ្នកស្រីតែប៉ុណ្ណោះ ។
ក្រុមអាជីវករនិយាយថា ការដែលថៅកែផ្សារអាចធ្វើអ្វីៗបានតាមចិត្ត ទាំងការបន្ថែមចំនួនតូបជាដើមនោះ ដោយសារអាងលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី ។ ក្រុមអាជីវករបានអះអាងថា ជារឿយៗ តែងតែមានបាតុភាពដែលជាការតវ៉ារបស់ក្រុមអាជីវករ ប៉ុន្តែអាជ្ញាធរមិនដែលដោះស្រាយនោះឡើយ ។ អាជ្ញាធរស្រុក ឈរនៅខាងថៅកែផ្សារ ដោយមិនគិតអំពីការលំបាករបស់ក្រុមអាជីវករ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវនោះឡើយ ៕