ខេត្តបាត់ដំបង៖ បន្ទាប់ពីមានការចម្រូងចម្រាស់ពីសំណាក់ក្រុមឈ្មួញដឹកត្រីក្លាសេឲ្យក្រពើស៊ី ស្ថាប័នគយច្រកទ្វារអន្តរជាតិគីឡម៉ែត្រ១៣ ហៅភ្នំដី បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមឈ្មួញដឹកត្រីក្លាសេ (គ្មានគុណភាព) នាំចូលពីប្រទេសថៃ យកទៅធ្វើជាចំណីឲ្យក្រពើស៊ីថា បានជំរិតយកប្រាក់ពីពួកគាត់ក្នុងតម្លៃខ្ពស់ដោយគ្មានវិក្កយបត្រ ដែលជាករណីលួចបន្លំបំបាត់ពន្ធរដ្ឋ ហើយការទាមទារ និងតម្រូវឲ្យបង់នោះ វាលើសពីអ្វីដែលពួកគាត់អាចរកចំណូលប្រចាំថ្ងៃទៅទៀត ។
ក្រុមឈ្មួញបានបញ្ជាក់ថា ការរកស៊ីដឹកត្រីក្លាសេរាល់ថ្ងៃនេះ គឺយកទៅធ្វើជាចំណីឲ្យក្រពើស៊ីនៅក្នុងខេត្តសៀមរាប ។ ពួកគាត់ថា ការប្រកបរបដឹកត្រីចិញ្ចឹមជីវិតសព្វថ្ងៃ រកមិនសូវចំណេញនោះទេ នេះគ្រានតែជារបរគួបផ្សំតិចតួចសម្រាប់ចិញ្ចឹមកូនរៀន និងមិនចង់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅស្រុកគេតែប៉ុណ្ណោះ ។ ពួកគាត់បន្តថា ការដឹកជញ្ជូនត្រីក្លាសេនេះ ត្រូវបង់ឲ្យមន្ត្រីគ្រប់ស្ថាប័ន លើកលែងតែមន្ត្រីអាជ្ញាធរដូចជា មេភូមិ មេឃុំ និយាយជារួមឲ្យតែមន្ត្រីជំនាញក្នុងស្ថាប័នរដ្ឋនៅតាមដងផ្លូវជាតិ គឺត្រូវបង់ឲ្យគេទាំងអស់ ទម្រាំដល់គោលដៅគឺនៅសល់តែកាបូបទទេក៏មាន ។
ប្រភពនេះបន្តទៀតថា ចំពោះស្ថាប័នគយប្រចាំច្រកទ្វារ អន្តរជាតិគីឡូ១៣ ឬភ្នំដី វិញនៅពេលមុនបោះឆ្នោត ធ្លាប់តែបង់១រថយន្តចំនួន៥ម៉ឺនរៀលទេ ហើយគ្មាន កញ្ចប់បង់ប្រចាំខែនោះទេ តែក្រោយពេលបោះឆ្នោតហើយ គឺស្ថាប័នគយនៅទីនោះ តម្រូវឲ្យបង់ប្រាក់ប្រអប់ក្នុងមួយខែឲ្យមេគយ ចំនួន៣០០ដុល្លារ តែចំពោះកូនចៅតម្រូវបង់ឲ្យ ១៥០ដុល្លារបន្ថែមពីលើប្រាក់ប្រចាំថ្ងៃទៀត ។ ការតម្រូវបង់ប្រាក់នេះ គ្មានវិក្កយបត្រទេ ដែលជាអំពើពុករលួយដ៏ធំមួយ យកលុយចែកគ្នាទៅវិញ ដោយមិនអើពើចំពោះការខិតខំប្រឹងប្រែងរបស់សាម៉ីក្រសួង និងប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធអាករដើម្បីជាប្រយោជន៍អភិវឌ្ឍន៍សង្គមជាតិនោះឡើយ។
បើតាមព័ត៌មានបែកធ្លាយចុងក្រោយពីឈ្មួញបញ្ជាក់ថា ការបង់ប្រាក់ចំពោះក្រុមឈ្មួញឲ្យមន្ត្រីគយច្រកទ្វារខាងលើក្រោយពីចរចា គឺតម្រូវបង់ឲ្យកូនចៅក្នុងមួយខែ ចំនួន៤០ម៉ឺនរៀល ចំណែកមេគយ ក្នុងមួយខែ ៨០ម៉ឺនរៀល តែប្រាក់ប្រចាំថ្ងៃក្នុង១រថយន្ត ៥ម៉ីនរៀលផ្សេងទៀតនៅរក្សាដូចលើកមុនៗដដែល។
ប្រភពចុងក្រោយនេះបន្ថែមថា ក្រុមឈ្មួញដែលធ្លាប់នាំត្រីនៅច្រកទ្វារព្រំដែនអន្តជាតិគីឡូ ១៣នេះ បាននាំគ្នាទៅនាំត្រីចូលនៅច្រកអូររំដួលស្រុកភ្នំព្រឹកវិញ ដោយសារគយច្រកទ្វារខាងលើយកតម្លៃខ្ពស់អស់កម្រៃដែលគាត់ខំរក ។
ជុំវិញករណីខាងលើនេះ មិនទាន់ទទួលបាន ការបកស្រាយពីលោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ឬច្រកភ្នំដីនៅឡើយទេ ៕ វណ្ណា