ខេត្តឧត្ដរមានជ័យ ៖ ប្រទេសកម្ពុជា បច្ចុប្បន្ន មានតម្រូវការសាច់សត្វជាច្រើន សម្រាប់បម្រើការហូបចុកប្រចាំថ្ងៃ ដោយ សារប្រទេសកសិកម្មមួយនេះ មិនទាន់មានលទ្ធភាពផលិតឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុង ស្រុករបស់របស់ខ្លួន ។
តម្រូវការនេះ ជាឱកាសសម្រាប់ក្រុមអ្នករកស៊ីនាំសត្វចូលទាំងស្របច្បាប់ និងលួចលាក់ សត្វជ្រូករាប់ពាន់ក្បាល ត្រូវបានដឹកជញ្ជូនចូលតាមច្រកអូរស្មាច់ ក្នុងសង្កាត់សំរោង យកមករក្សា ទុកក្នុងចំណុចអូរខ្ចៅ ក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ដែលមន្ត្រីច្រកនេះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា គឺមានលាយឡំដោយជ្រូកមានច្បាប់ទម្លាប់ត្រឹមត្រូវ និងលួចលាក់នាំចូលខុសច្បាប់ ព្រមទាំង ជ្រូកមានជំងឺផងដែរ មន្ត្រីជំនាញត្រួតពិនិត្យមិនបានដិតដល់នោះទេ ។
ជ្រូកទាំងនេះ ត្រូវបាននាំចូលមករក្សាទុកក្នុងទីតាំងខាងលើនេះ ដើម្បីបន្តចែកចាយចូលទីផ្សារ ក្នុងខេត្តឧត្តរមានជ័យ និងបណ្ដាខេត្តជិតខាងផងដែរ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងរក្សាទុកជ្រូកនាំចូលពីប្រទេសថៃ បាននិយាយថា ក្លិនស្អុយ បានសាយភាយចេញពីទីតាំងទុកជ្រូក បង្កការផលប៉ះពាល់សុខភាពរស់នៅរបស់ពួកគេ និងបរិស្ថាន ដែលមន្ត្រីជំនាញមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ ។
ក្រុមមន្ត្រីជំនាញប្រចាំការនៅច្រកអូរស្មាច់ មិនអាចទាក់ទងសុំការពន្យល់បានទេ ពាក់ព័ន្ធនឹងបញ្ហា នេះ ប៉ុន្តែក្រុមអ្នករកស៊ីនាំចូលជ្រូកនេះ បានបញ្ជាក់ថា ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ៕ ប៉ែន នួន