ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រតារាតារាសម្តែងមុនី ឌីយ៉ាម៉ង់ និង លោកហេង នរៈកក្កដា ក្រោយពីបានឃើញរូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រហូតមានអ្នករងរបួស និងរថយន្តដែលពួកគេជិះខូចខាតយ៉ាងដំណំ ។
តារាសម្តែងទាំងនោះមានដូចជាលោក ហេង នរៈកក្កដា កញ្ញា ភិន សុដាលីស និងលោក មុនីឌីយ៉ាម៉ង់ជាដើម ។ ទោះជាយ៉ាងណាក្រោយភាពភ្ញាក់ផ្អើលនេះមានការបញ្ជាក់តាមក្រោយថាគឺជារូបភាពដែលសិល្បករតុបតែងមុខក្នុងរឿង ព្រលឹង របស់ផលិតកម្មមហាហង្ស ហើយក៏ជាឈុតឆាកថតគ្រោះថ្នាក់ចរាចរណ៍មួយប៉ុណ្ណោះ ។ មុនី ឌីយ៉ាម៉ង់ បញ្ជាក់ថា មានអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនូវរូបថតទាំងនេះ ព្រោះតែឃើញពីស្នាមរបួស និងរូបភាពរថយន្តដែលមានគ្រោះថ្នាក់ពិតៗ ដែលការពិតគឺជាការតុបតែងប៉ុណ្ណោះ ។
លោកថាការបិទគូស តុបតែងមុខដោយក្រុមអ្នកជំនាញ ហើយហាក់បីដូចជារងរបួសពិតៗតែម្តង ។ លោកថាក្រុបតុបតែងមុខរបស់ផលិតករវ័យក្មេង លោកចាន់ណា រ៉ូណាន ពិតជាជំនាញក្នុងរៀបចំតុបតែងស្នាមរបួស ឈាម ស្នាមជាំ ដែលមើលទៅសឹងតែមិនដឹងថាជាការបិទ ឬលាបនោះទេ ។ លោកថាមិនត្រឹមតែស្នាមរបួសទេសូម្បីតែតួអង្គខ្មោចក៏មានសភាពគួរឲ្យខ្លាចផងដែរ ។
លោកចាន់ណា រ៉ូណាន បានបញ្ជាក់ថា ក្រុមការងារលោកពិតជាបានចូលរួមតុបតែងមុខ(Effect Make Up) សម្រាប់តារាសម្តែង មួយចំនួនក្នុងផលិតកម្មមហាហង្សរឿង ព្រលឹង មែន ។ លោកថាមានអ្នកគាំទ្រពួកគាត់មានការភ្ញាក់ផ្អើលនឹងបានឆាតសួរគ្នាអំពីបញ្ហានេះហើយរូបថតទាំងនេះគឺបាញ់ពីទូរស័ព្ទមួយទៅមួយតាមបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ ។
លោកបញ្ជាក់ដែរថា នេះមិនមែនលើកទីមួយទេដែលលោកបានតុបតែងមុខបែបគួរឲ្យខ្លាច ដែលកន្លងមកលោកធ្លាប់បានជោគជ័យលើការតុបតែងបែបនេះក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រួមទាំងភាពយន្តរឿង កំណត់ហេតុនាងនាថ និងរឿង សរសរកន្លោង ជាដើម ។ លោកថាលោកមានក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ បច្ចេកទេស និងផលិតផលល្អមិនប៉ះពាល់ដល់សុខភាពស្បែក និងបង្កើតបានជារូបភាពមួយដូចពិតៗតែម្តង ។
លោកថា ការតុបតែងនេះកាន់តែវិវឌ្ឍន៍ជាផ្នែកមួយដែលអាចទាក់ទាញអារម្មណ៍ទស្សនិកជន និងបង្កើតឲ្យគុណភាពភាពយន្តកាន់តែប្រសើរឡើង៕ វឌ្ឍនា