ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងខេមរៈ សិរីមន្ត ប្តឹង ម៉ៃ សុគន្ធ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ត្រៀមប្ដឹងតារាចម្រៀងលោកម៉ៃសុគន្ធទៅកាន់តុលាការបន្ទាប់ពីតារាចម្រៀងរូបនេះបានបរិហាររឿងជិះឧទ្ធម្ភាចក្រទៅលក់ដីឡូត៍កាលពីពេលថ្មីៗ ។ សម្រាប់លោក ខេមរៈ សិរីមន្ត ការរិះគន់នេះធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ និងសិទ្ធរបស់ខ្លួនជាខ្លាំងសម្រាប់ជំនួញលក្ខណៈទ្រង់ទ្រាយធំលើកដំបូង ។

នេះជាលើកទីមួយហើយ ដែលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានវែកមុខប្រកាសជាសាធារណៈ ដោយលោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការ តាមផ្លូវច្បាប់ទៅកាន់តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលបានរិះគន់វាយប្រហារលោកមិនសំចៃដៃនាពេលកន្លងមក ។

លោក ខេមរៈ សិរីមន្ត ត្រូវបាន លោក ម៉ៃ សុគន្ធ បានរិះគន់មិនសំចៃមាត់វាយប្រហារចំៗទៅកាន់តារាចម្រៀងរូបនេះថា ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយៈសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី រឺបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើម ដូចចឹងសោះចំលែកអី តែអ្នកចម្រៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន ក្រោយពីមានការរិះគន់បែបនេះ តារាប្រុសមាឌធំរូបសង្ហារ ខេមរៈ សិរីមន្ដ បានប្រកាសពីជំហរផ្ទាល់ខ្លួនថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ ហើយបទល្មើស និងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ -បទចោទ -បទញុះញុង់មានជាអាទិ៍ -បទធ្វើអោយប៉ះពាល់សិទ្ធ និងងផលប្រយោជន៍បុគ្គល ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ» ។

អតីតតារាចម្រៀងរូបនេះបញ្ជាក់ថា មេធាវីរបស់ខ្លួនកំពុងរៀបចំសំណុំឯកសារដាក់ទៅកាន់តុលាការបន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ស្រាប់តាមការរិះគន់ និងញុះញង់ពីសំណាក់តារាចម្រៀងពូកែទើសរូបនេះ ។

ម្ចាស់បទ ស្ទឹងត្រែងបងអើយ បន្តថាលោកមិនដែលមានបញ្ហាជាមួយនរណាម្នាក់នោះទេនាពេលកន្លងទៅក៏ប៉ុន្តែការចង់បានដូច្នេះពីសំណាក់លោកម៉ៃសុគន្ធគឺលោកអាចធ្វើទៅតាមការសំណូមពរបាន ។ ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងរបស់លោក ខេមរៈ សិរីមន្ត គឺបន្ទាប់ពីលោកម៉ៃសុគន្ធតែងតែរិះគន់ជារឿយៗលើបទមច្រៀងរបស់ខ្លួននាពេលកន្លងទៅ ។ អ្វីធ្វើឱ្យលោកទ្រាំមិនបានរហូតដល់ដាក់ពាក្យបណ្ដឹងគឺការបង្ហោះសាររឿងលោកជិះឧទ្ធម្ភាចក្រទៅធ្វើជំនួញដីធ្លីជាមួយឧកញ៉ាឡេងណាវ៉ាត់ត្រានៅម្ដុំផ្សារព្រៃទទឹងផ្លូវជាតិលេខ៣នោះ៕ វឌ្ឍនា

 


ចែករំលែក៖