ខេត្តសៀមរាប៖ លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ដោយសារនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់លើភ្នំគូលែន បានធ្វើឲ្យទឹកហូរធ្លាក់មកច្រើនបណ្តាលឲ្យលិចផ្លូវមួយចំនួន និងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិត្បែង និងភូមិតានី លិចជាអន្លើៗ ព្រោះតែប្រព័ន្ធលូហូរឆ្លងកាត់ផ្លូវលេខ៦៧ មានការកកស្ទះ ដែលធ្វើឲ្យទឹកហូរឆ្លងកាត់ពីម្ខាងទៅម្ខាងទៀតមិនរួច ហើយបញ្ហានេះ អាជ្ញាធរបាននឹងកំពុងតែជួយដោះស្រាយ ដូច្នេះ មិនយូទេ នៅល្ងាចថ្ងៃទី០៩ខែសីហានេះ ទឹកនេះនឹងស្រកវិញអស់ ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងបន្តទៀតនោះ ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ស្ថានភាពទឹកនៅទូទាំងខេត្តសៀមរាប មិនមានបញ្ហានោះទេ ដោយនៅព្រឹកថ្ងៃទី០៩ខែសីហានេះ ទឹកស្ទឹងស្រែងមានកម្ពស់៣,០៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,០០ម៉ែត្រ , ទឹកស្ទឹងសៀមរាបមានកម្ពស់ ១,៨៥ ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ និង ទឹកស្ទឹងជីក្រែង ០,៥០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរបានត្រៀមជានិច្ចក្នុងការតាមដានអំពីស្ថានភាពទឹកនេះ ករណីមានទឹកជំនន់អាជ្ញាធរនឹងចុះទៅជួយទាន់ពេលវេលា៕ ប៊ុនរិទ្ធី