ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបស្នើឲ្យបើកការស្រាវជ្រាវករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានសម្រេច

ចែករំលែក៖

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១១ ខែសីហា បានអំពាវនាវ ឲ្យបើកការស្រាវជ្រាវ ជាទ្រង់ទ្រាយ និងតម្លាភាពទៅលើករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា មិនបានសម្រេចដោយយន្តហោះ ឌ្រូន គ្មានមនុស្សបើកកាលពីថ្ងៃទី ៤ខែសីហា ។

សារព័ត៌មាន AP បានផ្សាយថា ប្រធានគណៈកម្មការកិច្ចកចារបរទេស លោកស្រីFerderica Mogherini បង្ហាញក្តីសង្ឃឹមថា នឹងមានការស្រាជ្រាវប្រកបដោយតម្លាភាព លើករណិប៉ុនប៉ងធ្វើឃាតខាងលើ ។ លោកស្រីបានបន្តទៀតថា សហគមន៍អឺរ៉ុប បានគាំទ្រឲ្យបើកការស្រាវជ្រាវដោយតម្លាភាព និងសន្តិភាព ។

ប្រធានាធិបតីម៉ាឌូរ៉ូ បានចោទប្រកាន់ក្រុមប្រឆាំងនៅពីក្រោយការធ្វើឃាតទាំងនោះ សភាវេណេហ្ស៊ុយអេឡាបានដកហូតអភិឯកសិទ្ធ តំណាងរាស្ត្រប្រឆាំងពីររូង ដែលកំពុងរស់នៅបរទេស ក្នុងនោះមានលោក Julio Borges និង Juan Requesens ។ តុលាការវេណេហ្ស៊ុយអេឡា បានចេញសាលក្រម ចាប់ខ្លួន អតីតតំណាងរាស្ត្រទាំងពីររូប មកកាត់ទោសទៅតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានស្នើប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ធ្វើការចាប់ខ្លួនអតីតអនុប្រធានបក្សប្រឆាំងវេណេហ្ស៊ុយអេឡា គឺលោក ជូលីយ៉ូ ប៊ែរហ្គែស (Julio Borges) ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំគំរោងធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន ។

ជុំវិញបញ្ហានេះលោក ហ្សក រ៉ូទ្រីហ្គែស រដ្ឋមន្ត្រីទំនាក់ទំនង និងវប្បធម៌របស់វេណេហ្ស៊ុយអេឡា បានគូសបញ្ជាក់ថា «អតីតអនុប្រធានបក្សប្រឆាំងស្តាំនិយម Borges ត្រូវតែចូលមកឆ្លើយនឹងសំនួរនានា អំពីការចូលរួមរបស់ខ្លួនក្នុងទង្វើប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ម៉ាឌូរ៉ូ នៅចំពោះមុខតុលាការរបស់វេណេហ្ស៊ុយអេឡា» ។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីការ៉ាកាស់ លោករដ្ឋមន្ត្រីទំនាក់ទំនងវេណេហ្ស៊ុយអេឡា ក៏បង្ហាញផងដែរនូវខ្សែវីដេអូមួយ អំពីអនុប្រធានបក្សប្រឆាំងមួយរូបទៀត គឺលោក ចូអាន រីឃ្វិនសិន (Juan Requesens) បានរួមផ្សំគំនិតគ្នាជាមួយនឹងលោក Borges ដោយមានការជួយពីក្រុមប្រឆាំងនៅវេណេហ្ស៊ុយអេឡាផងដែរ ។

ផ្អែកទៅលើភស្តុតាងទាំងនេះ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានស្នើទៅប៉ូលិស Interpol ចេញដីកាចាប់ខ្លួនលោក Borges ពីបរទេសត្រឡប់មកកាន់វេណេហ្ស៊ុយអេឡាវិញ ដើម្បីប្រឈមមុខផ្លូវច្បាប់៕ ម៉ែវ សាធី


ចែករំលែក៖