ព័ត៌មានទាន់ហេតុការណ៍៖

កុំភ្លេចចូលរួមណា ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ គឺសិក្ខាសាលាសប្បុរសធម៌ ដ៏ធំប្រចាំឆ្នាំ២០១៨ ស្តីពី «ចក្ខុវិស័យ អចលនទ្រព្យ និង បច្ចេកវិទ្យា» សម្រាប់ប្រមូលថវិកាជូន មូលនិធីមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែ៩ ឆ្នាំ២០១៨ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការផ្លាស់ប្តូរទេ នៅល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅអាគារ AIS សាលប្រជុំ ផល គួច មានកម្មវិធីសិក្ខាសាលាសប្បុរសធម៌មួយ បង្កើតឡើងសម្រាប់ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ ក្រោមអធិបតីភាព លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងវត្តមានរបស់មន្រ្តីរាជរដ្ឋាភិបាល វិនិយោគគិន រួមទាំងសហវាគ្មិនល្បីៗ និង ជោគជ័យលើអាជីវកម្ម និង អចលនទ្រព្យ ព្រមទាំងអ្នកចូលរួមប្រមាណជាង ៤៥០នាក់ ។ សិក្ខាសាលានេះមាន កិច្ចសហការរួម រវាង ទូរទស្សន៍ បច្ចុប្បន្នភាពអចលនទ្រព្យ(CTR.tv), ក្រុមហ៊ុន មយ៉ូរ៉ា រេសុីឌិន អិុនវេសមិន ,ភូមិឋានសំណាង ,ក្រុមហ៊ុន R’ Investment ,សាលាជំនាញគណនី និង ក្រុមហ៊ុន ហួតជា សំណង់។

ក្នុងឱកាសនោះដែរ លោក ម៉ូត ទូល័ស អគ្គនាយកទូរទស្សន៍ CRT. អាចនឹងលើកឡើងអំពីតម្រូវការជាក់ស្តែង បន្ទាប់ពីបានមើលឃើញពីការលំបាក ខ្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ទើបយើងបង្កើតកម្មវិធីនេះឡើង ដោយទទួល បានការសហការពី អស់លោកម្ចាស់អាជីវកម្ម ជំនួញ ដើម្បីចូលរួមចែករំលែកចំនេះដឹង និង ថវិកាផ្ទាល់ខ្លួន , ព្រមទាំងធ្វើជាវាគ្មិន ផងដែរ មានដូចជា លោក ឡាយ សំណាង ,លោក វេង សុីគួរ,លោក តេង រិទ្ធី,លោក Dr.គា បូរ៉ា និងលោក ហួតជា ជាដើម។

លោក ឡាយ សំណាង ម្ចាស់ភូមិឋានសំណាង ក៏នឹងត្រៀមលើកឡើងផងដែរ ក្នុងអង្គសិក្ខាសាលា ដោយលោកគិតថា៖ បើតាមគម្រោងនោះ យើងចង់រៀបចំធ្វើកម្មវិធីបែបនេះ ឲ្យបានរៀងរាល់ខែ ដោយយើងនឹងធ្វើការពិភាក្សាជាមួយនឹងវិនិយោគិន ទាំងឡាយណា ដែលមានឆន្ទៈ ក្នុងការចូលរួមជួយដល់កិច្ចការសង្គម ពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកតែងគិតថា៖ ដោយសារពួកយើងធ្លាប់ក្រ ធ្លាប់ជួបនូវទុក្ខលំបាក ហេតុដូច្នេះ ទើបពួកយើងបង្កើតកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីចូលរួមចំណែកជួយដល់សង្គមខ្មែរយើង ដែលកំពុងតែជួបការលំបាក ។

លោក វេង សុីគួរ អគ្គនាយកក្រុមហ៊ុន មយ៉ូរ៉ា រេសុីឌិន អុិនវេសមុិន និង វាគ្មិនដ៏ទៃទៀត ក៏មានគំនិតស្រដៀងគ្នានេះដែរ ថា ក្នុងរយៈពេលកន្លងមក លោកបានចូលរួមការចែករំលែកជាច្រើន ទាំងចំនេះដឹង និង ការងារមនុស្សធម៌សង្គម តាមរយៈការផលិត កសាងកិត្តិយសជូនប្រទេស បាននូវស្នាដៃជាច្រើននោះរួចមកហើយ លោកក៏សប្បាយចិត្ត និង រីករាយក្រៃលែង ហើយសូមអរគុណ និង គាំទ្រចំពោះសិក្ខាសាលា សប្បុរសធម៌ នាថ្ងៃនេះ ក៏ជាឆន្ទៈមួយរបស់មួយរបស់ CRT.tv ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបប្រទះនូវការលំបាកក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកុមារទូទៅ ។

ក្នុងឱកាសនោះដែរ លោក បណ្ឌិត ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគណ:ធិបតីក្នុងសិក្ខាសាលានេះ ក៏នឹងត្រូវសម្តែងនូវការកោតសរសើរ និងគាំទ្រនូវការរៀបចំកម្មវិធីនេះ ដោយលោកបានចាត់ទុកថា នេះជាការចូលរួមចំណែកមួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា និង ជួយរាជរដ្ឋាភិបាលបែបសុីជៅផ្នែកអចលទ្រព្យ ហើយវិស័យសុខភាព ក្នុងការគិតគូរអំពីបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខមាលភាព កុមារទូទៅតែម្តង៕ សិលា


ចែករំលែក៖