ខេត្តបន្ទាយមានជ័យ៖ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញ ណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោងតាមផែនការរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយយោងតាមស្ថានភាពជាក់ស្តែងនៃទឹកជំនន់ ជន់លិចស្រូវរបស់ប្រជាកសិករ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំង និងដឹកនាំកម្លាំងផ្ទាល់ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានចំនួន ០៧គ្រួសារ ស្មើនឹង ០៩ទីតាំងស្រែ ក្នុងនោះ ៖ -ភូមិព្រែកសំរោង ចំនួន ០២គ្រួសារ(ស្មើនឹង ០២ទីតាំងស្រែ) -ភូមិក្រមល់ ចំនួន ០៣គ្រួសារ(ស្មើនឹង ០៤ទីតាំងស្រែ) និងភូមិពោធិពីរដើម ចំនួន ០២គ្រួសារ(ស្មើនឹង ០៣ទីតាំងស្រែ) ។
ក្នុងនោះផងដែរ តំណាងម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំង ០៧គ្រួសារ មានសេចក្តីត្រេកអរ និងសប្បាយចិត្តជាខ្លាំង ព្រមទាំងធ្វើសេចក្តីថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេលវេលា និងជាពិសេសពួកគាត់បានថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងបានចាត់តាំងមន្ត្រីក្រោមឱវាទទៅតាមឋានានុក្រម ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំ និងទាន់ពេលវេលា៕ សុខ ខេមរា