ព័ត៌មានទាន់ហេតុការណ៍៖

យុវជនមានជំងឺប្រចាំកាយម្នាក់ប្រកាច់ក្នុងទឹកបណ្ដាលឲ្យស្លាប់ខណៈទៅរកកណ្ដុរជាមួយមិត្តភក្តិ

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនមានជំងឺប្រចាំកាយម្នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ៗភ្លាមៗនៅក្នុងទឹក ខណៈដែលយុវជនតរងគ្រោះខាងលើបានចេញទៅរកកណ្ដុរជាមួយមិត្តភក្តិរបស់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចទួលតាឡង់ក្រោយ ស្ថិតក្នុងភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ភាច ផាន់ណា ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះគឺមនុស្សមានជំងឺសសៃប្រសាទ (ឆ្គួតជ្រូក) តាំងពីជនរងគ្រោះមានអាយុ៣ឆ្នាំមកម្លេះ ហើយរហូតជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនរងគ្រោះតែតែប្រកាច់មួយថ្ងៃ១០ដង ហើយរូបគាត់ជាឪពុកម្ដាយក៏យកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយពេទ្យបញ្ជាក់ថា កើតជំងឺឆ្កួតជ្រូក បានឲ្យជនរងគ្រោះលេបថ្នាំក្នុងមួយថ្ងៃពីរដង ជារៀងរាល់ថ្ងៃឃើញថា៖ជនរងគ្រោះមានសភាពធូរស្រាលបន្តិច ប៉ុន្តែក្នុងមួយថ្ងៃប្រកាច់២ទៅ៣ដងជារៀងរាល់ខែ រហូតដល់សព្វថ្ងៃនេះ ។

លុះមកដល់ថ្ងៃទី១0 ខែសីហា ឆ្នាំ២០១៨វេលាម៉ោង១៨ ជនរងគ្រោះបានចេញពីផ្ទះទៅបាញ់កណ្ដុរជាមួយមិត្តភក្តិ រហូតដល់ម៉ោង២៣យប់ ជនរងគ្រោះក៏មានសភាពមិនស្រួល បានប្រកាច់ក្នុងទឹក ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្តិរបស់នាំគ្នាជួយយកជនរងគ្រោះដាក់លើគោក រួចរាយការណ៍ទៅប្រាប់ឪពុកម្ដាយជនរងគ្រោះ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញក៏បានចុះធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារប្រកាច់ក្នុងទឹកបណ្ដាលឲ្យស្លាប់ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចក៏ប្រគល់សាកសពទៅឲ្យក្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖