ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រឈមនឹងវិបត្តិស្បៀងអាហារជាទ្រង់ទ្រាយធំ

ចែករំលែក៖

អង្គការកាកបាទក្រហមអន្តរជាតិ និង អឌ្ឍចន្ទក្រហមពិភពលោកបានប្រកាស ឲ្យដឹងនៅថ្ងៃទី១០ ខែសីហាថា កូរ៉េខាង ជើងប្រឈមនឹងវិបត្តិខ្វះស្បៀងអាហារជាទ្រង់ទ្រាយធំដោយសារតែរលកកម្តៅបានវាយប្រហារប្រទេសនេះ ធ្វើឲ្យផលដំណាំស្រែចម្ការត្រូវខូចខាតជាច្រើន។ អង្គការកាកបាទក្រហមអន្តរជាតិបានប្រកាសថា ច្បាប់ដាក់ទណ្ឌកម្មបានរារាំងដល់សកម្មភាពផ្តល់ជំនួយដល់កូរ៉េខាងជើង។

អង្គការសហប្រជាជាតិបានអនុម័ត ដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េ ខាងជើង ក្រោយពេលប្រទេសនេះបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប កាលពី ខែកក្កដា ឆ្នាំ២០១៧ ហើយក្រោយមក បន្តសាកល្បងអាវុធបរមាណូនៅខែកញ្ញា ឆ្នាំ២០១៧។ អង្គការសហប្រជាជាតិ និង សហគមន៍អឺរ៉ុប បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើទីក្រុងព្យុងយ៉ាង។

បច្ចុប្បន្នកូរ៉េខាងជើង បានប្រឈមនឹងគ្រោះរាំងស្ងួតជាទ្រង់ទ្រាយធំ ដោយមានសីតុណ្ហភាពកើនឡើងរហូតដល់៤០អង្សាសេ គ្របដណ្តប់ទូទំាងប្រទេស។ បន្ទាប់ពី គ្រោះរាំងស្ងួត កូរ៉េខាងជើងនឹងប្រឈមនូវភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានគ្រោះទឹក ជំនន់នៅអំឡុងពាក់កណ្តាលចុងខែសីហានេះ។

តាមការប្រកាសរបស់អង្គការកាកបាទក្រហមអន្តរជាតិ ពលរដ្ឋកូរ៉េខាងជើង២៥លាននាក់ប្រឈមនឹងវិបត្តិដោយសារតែគ្រោះធម្មជាតិខាងលើ ហើយកុមារជាអ្នក រងគ្រោះខ្លាំងជាងគេ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើងនោះដែរ ទីក្រុងព្យុងយ៉ាង បានច្រានចោលសំណើរបស់អាមេរិកនៅក្នុងការចាប់ផ្តើមរំសាយអាវុធបរមាណូ។

សារព័ត៌មានCNN បានឲ្យដឹងថា រដ្ឋា ភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធចោល ចំពោះការស្នើឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ មួយចំនួនរបស់ខ្លួននាពេលឆាប់ៗខាងមុខដើម្បីបង្ហាញអំពីសុច្ឆន្ទៈ និងបាន ចាត់ទុកសំណើរបស់អាមេរិកថា «ដូចជា សំណើរបស់ក្រុមជនអន្ធពាល»។

ផ្ទុយមកវិញកូរ៉េខាងជើងបានលើក ឡើងរឿងល្អៗមួយចំនួន ដែលខ្លួនបានធ្វើ រួចមកហើយនោះ ក្នុងន័យបង្ហាញពីចេតនា ល្អ និងក្តីស្មោះត្រង់ប្រាកដប្រជា រួមមាន ទាំងការសម្រេចបញ្ឈប់ធ្វើតេស្តមីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុទាហានអាមេរិកជាដើម។

ជាមួយគ្នានេះដែរ កូរ៉េខាងជើងបាន ប្តេជ្ញាបន្តចំណេះដឹងក្នុងការផលិតអាវុធ បរមាណូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ បាននិយាយថា កូរ៉េខាងជើងនឹងបន្តរក្សាចំណេះដឹងផ្នែកអាវុធ បរមាណូ ដើម្បីទុកវាជាមធ្យោបាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហ រដ្ឋអាមេរិក ចំពោះទីក្រុងព្យុងយ៉ាង។

លោក រី ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃនៅក្នុងប្រទេសអុីរ៉ង់ ដោយ ផ្ដើមកាលពីថ្ងៃអង្គារកន្លងទៅ។ ថ្លែងតាម រយៈសម្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយ អុីរ៉ង់ ប្រមុខការទូតកូរ៉េខាងជើងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារ តែយើងដឹងថា សហរដ្ឋអាមេរិកនឹងមិន បោះបង់ចោលគោលនយោបាយអរិភាព របស់ខ្លួនចំពោះយើងឡើយ។ យើងនឹង បន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែររបស់យើង… វាពិតជាពិបាកណាស់ក្នុងការដោះស្រាយជាមួយសហរដ្ឋអាមេរិក ហើយ ដើម្បីសម្រេចឲ្យបាននូវកម្មវត្ថុលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិកគួរតែគោរពតាមពាក្យសន្យា របស់ខ្លួន តែពួកគេមិនបានធ្វើដូច្នោះ ឡើយ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក រី យ៉ុងហូ កើតមានឡើងនៅចំពេលមានការព្រួយបារម្ភថា ភាពតានតឹងនៅ លើតំបន់ឧបទ្វីបកូរ៉េ អាចនឹងផ្ទុះឡើងវិញ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុង យ៉ាង ចេះតែចោទប្រកាន់គ្នាទៅវិញទៅ មកនាពេលថ្មីៗនេះថា មិនបានអនុវត្តតាមកិច្ចព្រមព្រៀងរវាងមេដឹកនាំនៃប្រទេស ទាំងពីរ ក្នុងប្រទេសសិង្ហបុរី កាលពីខែ មិថុនា៕ ម៉ែវ សាធី


ចែករំលែក៖