ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយក្មេកប្រធានាធិបតី ត្រាំ ទទួលបានសញ្ជាតិអាមេរិកបង្កឲ្យមានការថ្កោលទោស

ចែករំលែក៖

ការណ៍ដែលឪពុកម្តាយរបស់ភរិយា ប្រធានាធិបតីអាមេរិក លោកស្រី Melania Trump ទទួលបានសញ្ជាតិអាមេរិក បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមព័ត៌មាននានាក្នុងទឹកដីអាមេរិក ខណៈ ដែលលោក ត្រាំ រឹតបន្តឹងច្បាប់អន្តោ ប្រវេសន៍។

សារព័ត៌មាន Sputnik បានផ្សាយថា លោក Viktor និងលោកស្រី Amalija Knavs ឪពុកម្តាយបង្កើតរបស់ភរិយាលោក ត្រាំ គឺលោកស្រី MelaniaTrump កាលពី ថ្ងៃទី៩ ខែសីហា ទទួលបានសញ្ជាតិ អាមេរិក (តាមច្បាប់ចូលសញ្ជាតិ តាម ទំនាក់ទំនងគ្រួសារ)។ កូនស្រីរបស់ពួក គាត់គឺលោកស្រី Melania trump ក្លាយ ជាពលរដ្ឋអាមេរិកនៅឆ្នាំ២០០៦ ក្រោយ ចាកចេញពីស្រុកកំណើតនៅ Sovenia ទៅអាមេរិក ធ្វើការក្នុងនាមជាអ្នកបង្ហាញម៉ូដ។

ឪពុកម្តាយក្មេករបស់ប្រធានាធិបតី ត្រាំ គឺជាអ្នកដើមកំណើត Sovenia ហើយរស់នៅអាមេរិកជាច្រើនឆ្នាំកន្លងមក ដោយ ទទួលបានកាតរស់នៅរយៈពេលយូរ តែ មិនទាន់ទទួលបានសញ្ជាតិឡើយ។

លោក Michael Wildes មេធាវីរបស់ គ្រួសារ Knavs បានបដិសេធបង្ហាញពីវិធីសាស្ត្រដែលលោក Knavs ទទួលបាន កាតរស់នៅអាមេរិក និងទទួលបានសញ្ជាតិ អាមេរិកក្នុងពេលដែលប្រធានាធិបតី ត្រាំ រឹតបន្តឹងច្បាប់អន្តោប្រវេសន៍។

ការណ៍ដែលឪពុកម្តាយក្មេកលោក ត្រាំ បានចូលសញ្ជាតិអាមេរិក ក្លាយទៅជា ប្រធានបទវិភាគតាមបណ្តាញសង្គមពេញទឹកដីអាមេរិក។ មនុស្សជាច្រើនបានចាត់ ទុកថា មូលហេតុដែលគ្រួសារភរិយាលោក ត្រាំ ទទួលបានសញ្ជាតិ ដោយសារតែមាន «ខ្សែធំ» មានកូនប្រសាជាប្រធានាធិបតី អាមេរិក។

ប្រធានាធិបតី ត្រាំ គឺជាអ្នកប្រឆាំងនឹង កម្មវិធីជនភៀសខ្លួនតាមបែបទំនាក់ទំនងគ្រួសារ។ ប្រធានាធិបតី ត្រាំ បានរារាំងការធានាសាច់ញាតិអ្នកដែលមានសញ្ជាតិ អាមេរិក ក្នុងនោះមានឪពុកម្តាយជាដើម។ ប៉ុន្តែបានអនុញ្ញាតឲ្យធានាទៅរស់នៅ អាមេរិក ដូចជាប្តីប្រពន្ធ ឬកូនតូចជាដើម៕ ម៉ែវ សាធី


ចែករំលែក៖