ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនៅជប៉ុនស្លាប់៩នាក់

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែសីហា កម្លាំងការពារដែនអាកាសជប៉ុនបានប្រកាសឲ្យដឹងថា បានរកឃើញបំណែកនៃឧទ្ធម្ភាគចក្រសង្គ្រោះដែលមានមនុស្ស៩នាក់នៅលើ យន្តហោះ។ បំណែកឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅក្នុងខេត្ត Gunma ភាគខាង លិចទីក្រុងតូក្យូ។ ឧទ្ធម្ភាគចក្របានបាត់ បង់ទំនាក់ទំនងជាមួយទីបញ្ជាការពេលហោះដល់ព្រំដែនខេត្ត Nagano និង Nijgata។

សារព័ត៌មានចិន ស៊ីនហួ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨បានផ្សាយថា អាជ្ញាធរជប៉ុនបានបញ្ជាក់ឲ្យដឹងថា មនុស្សជិះនៅលើឧទ្ធម្ភាគចក្រនៃរដ្ឋបាលខេត្ត ហ្គាន់ម៉ា (Gunma) ទាំងអស់៩នាក់បាន ស្លាប់ ដោយកាលពីល្ងាចថ្ងៃទី១០ ខែ សីហាបានរកឃើញសាកសពតែ២នាក់ ប៉ុណ្ណោះ។

ប្រតិបត្តិការតាមរកឧទ្ធម្ភាគចក្រខាងលើនេះ ឈានមកដល់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ គឺត្រូវបានចូលរួម ដោយកងកម្លាំងស្វ័យការពារជប៉ុនសរុប ១៦០នាក់ ហើយអាកាសយានិកដែល បានទទួលមរណភាពក្នុងករណីធ្លាក់នេះ គឺមានឈ្មោះ នូរីយូគិ អាម៉ាហ្គៃ អាយុ៥៧ ឆ្នាំ ដែលលោកត្រូវបានគេអះអាងថា ធ្លាប់មានបទពិសោធន៍ហោះហើរជាយូរណាស់មកហើយ។

តាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Bell 412EP ដែលត្រូវបានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ១៩៩៧ របស់រដ្ឋបាលខេត្ត Gunma បានបាត់ដំណឹងកាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃសុក្រ ម៉ោងនៅទីក្រុងតូក្យូ ហើយមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតពីសំណាក់អ្នក ជំនាញខេត្ត៕ ម៉ែវ សាធី


ចែករំលែក៖