ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោ ភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ដាក់បទបញ្ជាឲ្យតាមឃ្លាំមើល និង បង្ក្រាបឲ្យបាន ជនជាតិចិនដែលប្រកបរបរខុសច្បាប់នៅកម្ពុជា ដូចជាកន្លងមក មានការដេីរផ្សព្វផ្សាយ ចែកខិត្តប័ណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទ បែបពេស្យាចារ ។
នៅយប់ថ្ងៃទី១២ ខែសីហា កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដេីរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សានោះ បានចំនួន៦នាក់ និង ដកហូតបានខិត្តប័ណ្ណ ជាច្រើនសន្លឹក។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានឱ្យដឹងថា៖ ពេលដែលហៅអ្នកជំនាញ មកធ្វេីការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ ទៅជាការ ផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពេីខុសច្បាប់ នៅប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បុរសជនជាតិចិនទាំង៦នាក់ នោះ យេីងបានធ្វេីការអប់រំ ឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពេីខុសច្បាប់នៅកម្ពុជា ៕ ឆ្លាម សមុទ្រ