ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហម​កម្ពុជា​ ជួយ​ស្ត្រីម្នាក់​ដែល​មាន​ជំងឺ​ប្រើស​បេះដូង​

ចែករំលែក៖

ភ្នំពេញ​៖ ​ដោយក្តីអាណិតអាសូរ​ចំពោះអ្នកជំងឺប្រើស​បេះដូង​ជួបការ​លំបាក នៅល្ងាចថ្ងៃចន្ទ​ទី១៣ ខែសីហា​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងសហការី​ ចុះសួរសុខទុក្ខ​ និងនាំយកផ្លែឈើ​ ទឹកដោះគោ​ និងថវិកា​មួយចំនួន​ ផ្តល់ជូន​ អ្នកស្រី​ ទិត្យ​ រី​ អាយុ​២៧ឆ្នាំ​ ដែលកំពុងសម្រាកព្យាបាលជំងឺ​ នៅមន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ​ ដើម្បីជួយ​សម្រាលដល់ការហូបចុកក្នុងកំឡុងពេលកំពុងព្យាបាល​ ។ នេះ​បើ​យើង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​កាកបាទក្រហម​កម្ពុជា​ ។

ក្នុងឱកាសនោះ​ លោកស្រីអគ្គលេខាធិការរងទី​ ១​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពជំងឺរបស់អ្នកស្រី​ ទិត្យ​ រី​ ព្រមទាំងផ្តាំផ្ញើឱ្យអ្នកស្រី​ខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយវិលទៅរស់នៅជួបជុំគ្រួសារឡើងវិញ។​

អ្នកស្រី​ ទិត្យ​ រី​ ព្រមទាំងកូនប្រុស និងប្តី​ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។​ អ្នកស្រី​ ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតដែលខិតខំវះកាត់ព្យាបាលដោយយកចិត្តទុកដាក់​ និងមិនមានការចំណាយថវិកាអ្វីឡើយ៕


ចែករំលែក៖