ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលក់គ្រឿងបន្លាស់រថយន្ត២នាក់ពាក់ព័ន្ធករណីស្លាកលេខ​រថយន្ត​លោកមេប៉ុស្តិ៍បឹងព្រលឹតបាត់

ចែករំលែក៖

ភ្នំពេញ៖ លោកប៉ាត សំណាប ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងព្រលឹតបាន​បាត់ស្លាកលេខរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 អស់រយៈពេលជិត១ខែ ស្រាប់តែប្រទះឃើញស្លាកលេខ ដែលបាត់នោះទៅពាក់​នៅរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ដែលកំពុងតែយកបងប្អូននៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ។

ករណីឃាត់រថយន្តអូឌី ដែលពាក់ស្លាកលេខក្លែងក្លាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​៩យប់ ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមប្រភពព័ត៌មានពីមន្ត្រី​នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលមានមុខរបរលក់គ្រឿងបន្លាស់រថយន្ត ទី១ឈ្មោះ ស ធីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២១ ផ្លូវបេតុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី២ ឈ្មោះ ស សេងហុង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយជនសង្ស័យទី១ ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាត សំណាប ភេទប្រុស អាយុ៥២ឆ្នាំ ជានាយនគរបាលប៉ុស្តិ៍បឹងព្រលឹត ខណ្ឌ៧មករា ស្នាក់នៅផ្ទះលេខ ២៩E1 ផ្លូវលេខ១៣៣ ភូមិ១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

យោងតាមសម្តីជនរងគ្រោះបានឲ្យដឹងដែរថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង​ប្រហែល៦ល្ងាច គាត់បានយករថយន្តរបស់គាត់ម៉ាក តូយ៉ូតា ហាយឡេនឌឹ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 ទៅផ្ញើនៅមុខផ្ទះលេខ​២៦៣Eo ផ្លូវលេខ១០៧ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ លុះដល់វេលាម៉ោង៤ រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ រូបគាត់បានទៅយករថយន្តវិញ ស្រាប់តែបាត់ស្លាកលេខទាំងមុខ ទាំងក្រោយតែម្តង និងដាក់ពាក្យបណ្តឹងទៅក្រសួងសាធារណការ រួមនឹងសមត្ថកិច្ចផងដែរ ។ ជនរងគ្រោះបានបន្តទៀតថា រហូតដល់ថ្ងៃ​កើតហេតុ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ គាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់ដែលចោរលួចនោះ មកពាក់នៅលើរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ពណ៌ស ដែលចាំយកបងប្អូន​ចុះពីលើយន្តហោះ រួចក៏ឃាត់​សួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរបន្ត ។ បច្ចុប្បន្នវត្ថុតាងដកហូតបានរថយន្តអូឌី១គ្រឿង ពណ៌ស ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 ប័ណ្ណសម្គាល់រថយន្តមួយសន្លឹក ក្រដាស់ទិញ លក់ រថយន្តមួយសន្លឹក ។ ក្រោយកើតហេតុ ជនសង្ស័យប្រុសស្រីទាំងពីរនាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ច​ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖