ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនជាងបួនពាន់ បួនរយនាក់ ទៅកាន់តុលាការក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ បញ្ជូនឧក្រិដ្ឋជនប្រមាណ៤៤១២នាក់ទៅកាន់តុលាការ ខណៈរឹបអូសបានសារធាតុញៀនប្រ មាណជាងមួយរយគីឡូក្រាមក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០១៨នេះហើយតួលេខនេះត្រូវបានអាជ្ញាធរអះអាងថាថយចុះជាងឆ្នាំ២០១៧កន្លងទៅបើគិតរយៈពេលដូចគ្នា។

ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីក្នុងកិច្ចសម្ភាសន៍នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះអាជ្ញាធរ គ្រឿងញៀនបានសហការជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ចុះបង្រ្កាប់ករណីគ្រឿងញៀន បានប្រមាណ៣៨៣៨ករណី ធ្វើការឃាត់ខ្លួនទាំងអ្នកជូញដូរនិងប្រើប្រាស់បានប្រមាណ ជាងមួយម៉ឺននាក់និងសារធាតុញៀនជាងមួយរយគីឡូក្រាម។

លោកនាយឧត្តមសេនីយ៍បានបន្តថា អាជ្ញាធរបានចាប់ខ្លួនអ្នកជួញដូរបានប្រមាណ ៧៥៨០នាក់ ក្នុងចំណោមនោះបានបញ្ជូនទៅកាន់តុលាការកាត់ទោសបានប្រមាណ៤៤១២នាក់ហើយ ខណៈអ្នកប្រើប្រាស់ធ្វើការឃាត់ខ្លួនបាន៣១៦២នាក់បញ្ចូនពួកគេទៅកាន់មណ្ឌល កែប្រែដាច់ដោយឡែកពីគ្នា។ យ៉ាងណាក៏ដោយលោកអគ្គលេខាធិការបានអះអាងថាតួលេខទាំងអ្នកជូញដូរនិងអ្នកប្រើប្រាស់ត្រូវបានថយចុះជាងឆ្នាំ២០១៧ ប៉ុន្តែរសារធាតុបានកើនឡើងដោយសារតែអាជ្ញាធរបង្រ្កាបបានភាគច្រើនជាទ្រង់ទ្រាយធំ។

នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោក មាស វិរិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជនយុវតីទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីលុបបំបាត់នូវគ្រឿងញៀននៅកម្ពុជា។ លោកបានញ្ជាក់ទៀតថា«អាជ្ញាធរធ្វើការតែឯងគឺមិនអាចទៅរួចនោះឡើយលុះត្រាតែមានការសហការជាមួយប្រជាពលរដ្ឋ»។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ កាលពីឆ្នាំ២០១៧កន្លងទៅនេះបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស១២៨៧០នាក់និងគ្រឿងញៀនជាង១៥៤គីឡូក្រាម រួមនិងកញ្ឆាជាងបួនរយគីឡូក្រាមផងដែរ៕ តាឡឹម


ចែករំលែក៖