កាលពីថ្ងៃទី១៤ ខែសីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វេណេហ្ស៊ុយអេឡា លោក Tarek Saab បានប្រកាសថា ក្រុមសន្តិសុខប្រទេសនេះ បានចាប់ខ្លួន ឧត្តមសេនីយ៍ មួយរូប គឺលោក Alejandro Perez Gamez មកពីកម្លាំងការពារជាតិ ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ មិនបានសម្រេច ទៅលើប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពី១០ថ្ងៃកន្លងមក ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅទីក្រុង ការ៉ាកាស លោក Saab បានបញ្ជាក់ថា ក្រៅពីឧត្តមសេនីយ៍ Gamez នៅមាន វរៈសេនីយ៍ Pedro Zambrano Hernandez មកពីកម្លាំង ការពារ GNB ។
នេះជាមន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងជួរកងទ័ពវេណេហ្ស៊ុយអេឡា រងការចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹង ការធ្វើឃាតប្រធានាធិបតី ។ ដូច្នេះ មកទល់ពេលនេះ វេណេហ្ស៊ុយអេឡា ចាប់ខ្លួន មនុស្ស១៤នាក់ និងចេញដីកាចាប់ខ្លួន២៧ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ។
ក្នុងចំណោម បុគ្គលដែលជាប់ពាក់ព័ន្ធ មានអតីតប្រធានរដ្ឋសភា លោក Julio Borges ដែលកំពុងតែរស់នៅក្នុងប្រទេសកូឡំប៊ី ក្រោមការការពារ ពីរដ្ឋាភិបាលទីក្រុង Bogota ។
កាលពីថ្ងៃទី៤ ខែសីហា ប្រធានាធិបតី ម៉ាឌូរ៉ូ ពេលកំពុងតែថ្លែងសុន្ទរកថា ក្នុងពិធីខូប៨១ឆ្នាំ ថ្ងៃបង្កើត កម្លាំងការពារជាតិវេណេហ្ស៊ុយអេឡា ក៏មានយន្តហោះ ឌ្រូន បំពាក់គ្រឿងផ្ទុះ ហោះសម្តៅប្រធានាធិបតី ប៉ុន្តែ ត្រូវកម្លាំងការពារបាញ់កម្ទេចចោលនៅមុខប្រធានាធិបតី តែម្តង បណ្តាលឲ្យ ទាហាន៧នាក់រងរបួស ៕ ម៉ែវ សាធី