ភ្នំពេញ៖ ប្រុសស្រីបីនាក់ បើកម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន មនដល់ចំណុចផ្លូវបែកជាបួនបានជ្រុលចង្កូតទៅរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ ចំណែកស្ត្រីពីរនាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌមករា៧មករា។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះពឹម ពឿន អាយុ៣១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោពិសាត់ ។ ចំណែកស្ត្រីរងគ្រោះពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីពីរនាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមើរ អុិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-6947 បានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2T-0830 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង ចំពីចំហៀងខាងមុខ ផ្នែកខាងស្តាំ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារបួសធ្ងន់ពេកបណ្តោយបុរសម្នាក់ជាអ្នកបើកបរបានស្លាប់ នៅពាក់កណ្តាលផ្លូវ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ជ្រោយពេជ្រ