ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បង្កឲ្យមានគម្លាត់កាន់តែឆ្ងាយជាមួយចិន ដោយបានស្វាគមន៍មេដឹកនាំកោះតៃវ៉ាន

ចែករំលែក៖

អាមេរិក ចិន បានប្រឈមមុខតានតឹងដាក់គ្នានូវបញ្ហាជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម ការពារជាតិ ហើយពេលនេះអាមេរិកបានធ្វើឲ្យចិនកាន់តែខឹងសម្បារខ្លាំងឡើង ដោយអាមេរិក មិនបានគោរព ចិនតែមួយ ដូចដែលបានព្រមព្រៀង ដោយអាមេរិក បានអនុញ្ញាតឲ្យមេដឹកនាំកោះតៃវ៉ាន ទៅអាមេរិកហើយថ្លែងសុន្ទរកថានៅទីនោះទៀតផង ។

ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់បានផ្សាយថា លោកស្រីTsai Ing-wen ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាមេរិក ដែលជាសកម្មភាពមិនធ្លាប់មានពីមុនមកឡើយ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ទីក្រុងប៉េកាំងនឹងដាក់ទោសយ៉ាងធ្ងន់ដល់កោះតៃវ៉ាន់ ។

មេដឹកនាំកោះតៃវ៉ាន់ លោកស្រីTsai Ing-wenបានថ្លែងសុន្ទរកថានៅអាមេរិក ក្នុងពេលដែលលោកស្រី បំពេញទស្សនកិច្ចទីនោះ មុនពេលបន្តដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ។ នេះជាលើកទីមួយ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ មេដឹកនាំកោះតៃវ៉ាន់ ថ្លែងសុន្ទរកថាដោយបើកជំហរនៅលើទឹកដីអាមេរិក ។ សកម្មភាព ខាងលើគឺមិនខុសអ្វីពីការយកសាំង ចាក់ចូលភ្លើងកំពុងតែឆេះនោះឡើយ ។

សារព័ត៌មាន Politico បានដកស្រង់សម្តីលោកស្រីTsai Ing-wen ដែលបានថ្លែងសុន្ទរកថា នៅបណ្តាល័យ Ronald Reagan ក្នុងទីក្រុង Los Angeles អាមេរិកថា «អ្វីគ្រប់យ៉ាងអាចពិភាក្សាបាន លើកលែងតែ ពីរចំណុច គឺសេរីភាពរបស់យើង និងអនាគតរបស់យើង»។

លោកស្រីបញ្ជាក់ថា សេរីភាព និងប្រជាធិបតេយ្យគឺមានតម្លៃយ៉ាងខ្លាំងពោះតៃវ៉ាន់ ហើយតៃវ៉ាន់ តែងតែគោរព ដល់ការសន្យារបស់ខ្លួនក្នុងការ រក្សាសន្តិសុខ ស្ថេរភាព ពឹងផ្អែកទៅតាមច្បាប់សេរីភាព ប្រជាធិបតេយ្យ និងផលប្រយោជន៍ប្រជាជនតៃវ៉ាន់ ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់អាមេរិកទៅលើមេដឹកនាំកោះតៃវ៉ាន ក្នុងពេលដែលលោកត្រាំ បានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ បើកផ្លូវឲ្យមានកិច្ចព្រមព្រៀងយោធាជាច្រើនជាមួយតៃវ៉ាន់ ។

សកម្មភាពខាងលើរបស់អាមេរិក ទទួលរងការប្រឆាំងយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដោយច្បាប់ការពារជាតិរបស់អាមេរិក បានបំពានទៅលើ នយោបាយចិនតែមួយ ដែលទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀង ៕ ម៉ែវ សាធី


ចែករំលែក៖