ខេត្តពោធិ៍សាត់៖ ប្រជាកសិករប្រមាណ ៤ភូមិរាយការណ៍ជាបន្តបន្ទាប់ ក្នុងខែសីហា ឆ្នាំ២០១៨ នេះមកថា ពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ ដោយដណ្ដើមជាមួយទឹក និងត្រី ខណៈរងការជន់លិច ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គផងនោះ ហើយក៏ប្រឈមទៅនឹងការខូចខាតជាច្រើនហិកតាថែមទៀត ។
ប្រភពរាយការណ៍ខាងលើបន្តថា តំបន់ស្រូវស្រែវស្សាកំពុងរងនូវការជន់លិច និងកំពុងសម្រុកប្រមូលផលនោះ នៅមាត់ព្រៃរនាមក្រោមជាតំបន់បី ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ភូមិសំរោង ភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពបន្តទៀតថា ស្រូវស្រែវស្សាដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប្រឈមការខូចខាត និងកំពុងប្រមូលផលនៅក្នុងទឹកនោះ មានផ្ទៃដីច្រើនហិកតាហើយកសិករក៏បង្ខំចិត្តច្រូតទាំងមិនទាន់ទំល្អក៏មាន ដែលវាជាការប្រសើរជាងអត់បានប្រមូលផលសោះនោះដែរ ព្រោះជំនន់ទឹកភ្លៀងមកជាបន្តបន្ទាប់ ខណៈទឹកទន្លេមេគង្គក៏មកប្រសប់គ្នានោះ ជាពិសេសទៀតនោះ ត្រីក៏សម្រុកសុីស្រូវថែមទៀត ។
ពាក់ព័ន្ធករណីកសិករប្រមូលផលស្រូវក្នុងទឹក និងប្រឈមការខូចខាតផងដែរនោះ លោក កែ សុខថុល មេឃុំកញ្ជរ បានឲ្យបុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ដឹងតាមទូរស័ព្ទ នារសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះថា ពិតជាមានការលំបាកក្នុងការប្រមូលផលស្រូវក៏ពិតមែន ប៉ុន្តែនៅតែប្រមូលផលបាន បើទោះជារងនូវការជន់លិច ខណៈដែលទឹកទេន្លេមេគង្គកំពុងហក់ឡើងខ្លាំងជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ ចំណែកអ្នកប្រឈមទៅនឹងការលិចលង់ខូចខាតមានចំនួនមិនច្រើនប៉ុន្មាននោះទេ ហើយអ្នកប្រឈមការខូចខាតខាងលើនេះ ភាគច្រើនជាស្រូវរដូវប្រាំង ប៉ុន្តែពួកគាត់ធ្វើរដូវវស្សា(ខុសរដូវ)៕ ប៉ឹម ពិន