ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្លាប់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ជនដៃដល់គឺជាស្ត្រីប្រពន្ធជនរងគ្រោះ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅទីបំផុតសមត្ថកិច្ច បានចាប់ជនដៃដល់ម្នាក់​ ដែលជាស្ត្រី បានចាក់សម្លាប់ប្ដី មុខបរនគរបាលបានហើយ។

លោកឧត្តមសេនីយ៍ ទិត្យ ណារ៉ុង បានប្រាប់ដល់អ្នកសារព័ត៌មាន នៅមុននេះបន្តិចថា ពិតជាបានចាប់ស្ត្រីជាភរិយា ដែលបានសម្លាប់ប្ដីនោះមែន នេះបើយោងតាមប្រភពនៅរសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍ថា ជនសង្ស័យបានសារភាពហើយ ពិតជាបានចាក់សម្លាប់ប្ដីប្រាកដមែន ក្នុងករណីទំនងអាចមានទំនាស់ក្នុងរង្វង់គ្រួសារ។ តែទោះជាយ៉ាងណានោះ លោក នូវមិនទាន់បញ្ជាក់លម្អិតរឿងនេះនៅឡើយទេ ។

គួរបញ្ជាក់ថាករណីឃាតកម្ម កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ករណីឃាតកម្មខាងលើនេះ មានស្លាកស្នាមរបួសចំនួន១០កាំបិត ត្រូវចំពោះ ចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត ។

ជាមួយគ្នានេះផងដែរ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖