ពីរថ្ងៃកន្លងមក ក្រោយហេតុការណ៍បាក់ស្ពានអាកាស Morandiនៅទីក្រុង Genoa ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ ខែសីហា ក្រុមជួយសង្គ្រោះ បានខិតខំទាំងថ្ងៃ ទាំងយប់ ដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបេតុង ។
នៅពេលនេះ ក្រុមជំនាញអ៊ីតាលីបានចាប់ផ្តើម កំណត់សម្គាល់សាកសពជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ។ ជាមួយគ្នានេះ ទីក្រុង Genoa បានប្រកាសកាន់ទុក្ខរយៈពេល២ថ្ងៃផងដែរ ដល់ជនរងគ្រោះ ។ នាយករដ្ឋមន្ត្រី អ៊ីតាលី លោក Guiseppe Conte បានវាយតម្លៃថា «នេះជាហេតុការណ៍មិនអាចទទួលយកបានឡើយ ក្នុងសង្គមទំនើបកម្ម សម័យបច្ចុប្បន្ន មិនគួរទុកឲ្យមានរឿងសោកនាដកម្មកើតឡើងបែបនេះឡើយ» ។
កាលពីថ្ងៃទី១៥ ខែសីហា គឺជាថ្ងៃបុណ្យរបស់ពលរដ្ឋអ៊ីតាលី តាមសាសនាកាតូលិក ប៉ុន្តែ ហេតុការណ៍គ្រោះថ្នាក់ខាងលើ ធ្វើឲ្យបរិយាកាសថ្ងៃបុណ្យបែរជាស្ងប់ស្ងាត់ ។ តាមតួលេខរបស់រដ្ឋាភិបាល មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើង រហូតដល់៣៩នាក់ ។ មន្ត្រីក្នុងតំបន់ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៣នាក់ មានអាយុ៨ឆ្នាំ ១២ឆ្នាំ និង១៣ឆ្នាំ។ ការបាក់ស្ពានខាងលើ បានធ្វើឲ្យសមាជិកមួយគ្រួរសារ ស្លាប់ ។ វិមានវ៉ាទីកង់ ដែលជាកន្លែងស្នាក់នៅរបស់សម្តេចប៉ាប Francis ក៏បានធ្វើពិធីបួងសួង ដល់ជនរងគ្រោះ ដោយបាក់ស្ពានខានលើផងដែរ ។
ក្នុងចំណោមអ្នកស្លាប់ មានជនជាតិបារាំង ៤នាក់ ដោយគ្រោះថ្នាក់ខាងលើ ។ នៅពេលនេះ ការិយា ល័យព្រះរាជអាជ្ញាទីក្រុងប៉ារីស បានចាប់ផ្តើមបើកការស៊ើបអង្កេតមួយ ស្តីពីការដួលរលំនៃស្ពានផ្លូវ ហាយវ៉េនៅទីក្រុង Genoa ប្រទេសអ៊ីតាលី ។
ការស៊ើបអង្កេតលើករណីស្លាប់ និងរបួសជាច្រើននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសបាន បញ្ជាក់ថា ជនជាតិបារាំង៤នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ ។
យោងតាមបណ្តាញទូរទស្សន៍ BFMTV ជនរងគ្រោះម្នាក់គឺមកពី Tarn ភាគនិរតី ប្រទេសបារាំង និងពីរ នាក់ទៀត មកពីភាគខាងត្បូងនៃទីក្រុងToulouse ។
គួររំលឹកដែរថា កាលពីថ្ងៃអង្គារ ស្ពាន Morandiប្រហែល១០០ម៉ែត្រ បានដួលរលំ ចំពេលមានភ្លៀង ធ្លាក់ ខ្លាំង។ យ៉ាងហោចណាស់មនុស្ស៣៩នាក់ បានស្លាប់នៅក្នុងអ្វីដែលអាជ្ញាធរអ៊ីតាលី ហៅថា សោកនាដកម្មដ៏ធំមិនធ្លាប់មានមួយ ៕ ម៉ែវ សាធី