ព័ត៌មានទាន់ហេតុការណ៍៖

លីប៊ីកាត់ទោសប្រហារជីវិត៤៥នាក់ជាអតីតមន្ត្រីក្រោមរបបដឹកនាំ ហ្គាដាហ្វី

ចែករំលែក៖

តុលាការកំពូលប្រទេសលីប៊ីកាលពីថ្ងៃទី ១៥ ខែសីហា បានប្រកាសសាលក្រម កាត់ទោសប្រហារជីវិត មនុស្ស៤៥នាក់ ដែលជាប់ពាក់ព័ន្ធការសម្លាប់បាតុករនៅទីក្រុង Tripoli ក្នុងពេលពលរដ្ឋ ក្រោកឡើងធ្វើបាតុកម្មទម្លាក់មេដឹកនាំ ហ្គាដាហ្វី កាលពីឆ្នាំ២០១១ ។

នេះជារឿងប្រវត្តិសាស្ត្រមួយមិនធ្លាប់មាន ពីចំនួនអ្នកត្រូវប្រហារជីវិតយ៉ាងច្រើនបែបនេះ ក្នុងពេលតែមួយ ហើយនេះ ក៏ជាការកាត់ក្តី លើកទីមួយចាប់តាំងពីរបបលោក ហ្គាដាហ្វី ដួលរលំកាលពី៧ឆ្នាំកន្លងមក ។ ក្រុមបាតុករ រាប់សិបនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១១ ពេលនោះ កម្លាំងទាហានស្និទ្ធនឹងរដ្ឋាភិបាលបានបាញ់ទៅលើបាតុករ នៅស្រុក Abu Slim ខណៈក្រុមទាហានបះបោរប្រឆាំងលោក ហ្គាដាហ្វី បានឡោមព័ទ្ធទីក្រុង ទ្រីប៉ូលី ក្រោមការជួយអន្តរគមន៍ពីអង្គការណាតូ ដឹកនាំដោយបារាំង។

អតីតមេដឹកនាំ ហ្គាដាហ្វី បានដឹកនាំប្រទេសទេសនេះចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៦៩រងការវាយប្រហារ សម្លាប់ នៅខែតុលាឆ្នាំ ២០១១ នៅជិតទីក្រុង Sirte ដែលជាស្រុកកំណើតរបស់លោក។ ចាប់តាំងពីពេលនោះមក លីប៊ីធ្លាក់នៅក្នុងភាពចលាចល ដោយមានរដ្ឋាភិបាលពីរ ដឹកនាំប្រទេស ដណ្តើមគ្នាគ្រប់គ្រងតំបន់ដែលសម្បូរទៅដោយធនធានប្រេង។

មានកិច្ចព្រមព្រៀងជាច្រើនបានកើតឡើង រវាងក្រុមដឹកនាំប្រទេសទាំងពីរនៅក្នុងលីប៊ី ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ ដោយប្រឈមនឹងហិង្សាវិវាទជាបន្តបន្ទាប់ ។ កាលពីខែឧសភាកន្លងមក ក្រុមទាំងពីរក៏បានជួបពិភាក្សាគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយ បានព្រមព្រៀងឈានដល់ការបោះឆ្នោតនៅចុងឆ្នាំ២០១៨នេះ ដើម្បីបញ្ចប់វិបត្តិ។

ភាពចលាចល នៅក្នុងប្រទេសលីប៊ី បានធ្វើឲ្យ ក្រុមទុច្ចរិត ឆ្លៀតឱកាសជួញដូរមនុស្ស ពីលីប៊ីទៅកាន់អឺរ៉ុប ។

ក្រៅពីអំពើហិង្សា ពលរដ្ឋលីប៊ី ក៏បានប្រឈមនឹងស្ថានភាពខ្វះថាមពល តម្លៃប្រេង ស្បៀងអាហារថ្លៃ បង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ៕ ម៉ែវ សាធី


ចែករំលែក៖