ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំអនុវត្តតាមការដាក់ទណ្ឌកម្មរបស់អាមេរិក

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី១៦ ខែសីហាបានផ្សាយថា កូរ៉េខាងជើងបានអំពាវនាវដល់កូរ៉េខាង ត្បូង មិនត្រូវធ្វើតាមការដាក់ទណ្ឌកម្មអន្តរជាតិ ទៅលើទីក្រុងព្យុងយ៉ាងនោះទេ។ ការដាក់ទណ្ឌកម្ម ដាក់គំនាប មិនអាចកែ ប្រែទំនាក់ទំនងបានឡើយ។

សារព័ត៌មាន Rodong Sinmun បានផ្សាយនូវអត្ថបទវិភាគស្តីពីទំនាក់ទំនងកូរ៉េទាំងពីរ ដូចជាមិនមានភាពរីកចម្រើនវិវឌ្ឍទៅមុខដូចការចង់បានរបស់ពលរដ្ឋប្រទេស ទាំងពីរឡើយ ប្រសិនបើគំនាបពីខាងក្រៅ នៅតែបន្ត ហើយទទួលបានការគាំទ្រពី កូរ៉េខាងត្បូងនោះ។

អត្ថបទវិភាគគឺជាការឆ្លើយតបទៅនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីនដែលបានប្រកាសនៅថ្ងៃឯករាជ្យ ១៥ខែសីហា ដោយអំពាវនាវឲ្យកូរ៉េខាងជើងរំសាយអាវុធបរមាណូ នឹងឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េ និងបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច។

នៅក្នុងអត្ថបទរបស់កូរ៉េខាងជើង ក៏ បានថ្កោលទោសដល់រដ្ឋាភិបាលអាមេរិក ដែលបានដាក់គំនាបទៅលើរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង បង្ខំឲ្យ ក្រុមហ៊ុនទាំងនោះឈប់សហការជាមួយ កូរ៉េខាងជើង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងរុស្ស៊ីដោយចោទ ថា បានរកស៊ីខុសច្បាប់ជាមួយកូរ៉េខាងជើង។

សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន និងរុស្ស៊ី ដោយ ចោទថា មានជាប់ពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មខុសច្បាប់ជាមួយកូរ៉េខាងជើង ដោយរំលោភលើទណ្ឌកម្មសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះ ត្រូវបានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោង នៅអាមេរិក) ដោយក្រសួងរតនាគារជាតិ អាមេរិក ដែលបានចាត់ទុកថា ក្រុមហ៊ុន ចិនមួយមានសាខានៅក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុនរុស្ស៊ីមួយទៀត រួមទាំងអគ្គ នាយកក្រុមហ៊ុនទាំងពីរនេះ មិនអាចចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ឬជនជាតិអាមេរិកបានទៀតនោះ ទេ។ ការដាក់ទណ្ឌកម្មថ្មីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋមេរិក ក្នុងការដាក់ សម្ពាធលើកូរ៉េខាងជើង រហូតដល់បោះ បង់ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធី មីស៊ីលទាំងស្រុង ស្របតាមកិច្ចព្រមព្រៀង រវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន កាលពីខែមិថុនា។

គួរបញ្ជាក់ថា បើតាមក្រសួងរតនាគារ ជាតិអាមេរិក ក្រុមហ៊ុនចិន Dalian Sun Moon Star International Logistics Trading និងក្រុមហ៊ុនជាសាខារបស់ខ្លួនឈ្មោះ SINSMS មានមូលដ្ឋាននៅសិង្ហបុរី បានប្រើប្រាស់ឯកសារក្លែងបន្លំក្នុងចេតនាជួយសម្រប សម្រួលដឹកជញ្ជូន ស្រា ថ្នាំជាក់ និងបារីដោយខុសច្បាប់ទៅកាន់ប្រទេស កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ ការធ្វើ ពាណិជ្ជកម្មបារីនេះ បានជួយរកប្រាក់ ចំណូលឲ្យរបបដឹកនាំលោក គីម ជុងអ៊ុន ច្រើនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈក្រុមហ៊ុនកំពង់ផែរុស្ស៊ី Profinet ក៏ ត្រូវបានចោទប្រកាន់ផងដែរថាបានផ្ដល់សេវាកម្មកំពង់ផែឲ្យកូរ៉េខាងជើង ដើម្បីដឹក ជញ្ជូនផលិតផលប្រេង៕ ម៉ែវ សាធី


ចែករំលែក៖