ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានចិនហ្វឹកហាត់ទម្លាក់គ្រាប់ វាយប្រហារអាមេរិក

ចែករំលែក៖

តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ចិន កំពុងធ្វើលំហាត់សម ដើម្បីវាយប្រហារទម្លាក់គ្រាប់បែក ទៅលើអាមេរិក និងសម្ព័ន្ធមិត្ត នៅសមុទ្រប៉ាស៊ីហ្វិក។

ក្នុងរយៈពេល៣ឆ្នាំកន្លងមក កម្លាំងទាហានចិន បានពង្រីកទីតាំងធ្វើសកម្មភាព របស់យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ជាការពង្រឹងសមត្ថភាព ពេលមានសង្គ្រាមនៅតំបន់សមុទ្រកើតឡើង ។ សកម្មភាព ខាងលើរបស់ចិនបង្កក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក។

កាលពីខែសីហាឆ្នាំ ២០១៧ យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយរបស់ចិន ប្រភេទ H-6K បានហោះឆ្លងកាត់ឈូងសមុទ្រ Miyako ភាគខាងលិច ប្រទេសជប៉ុន ហើយជាលើកទីមួយដែលយន្តហោះនេះប្តូរទិសដៅហោះហើរ ទៅកាន់តំបន់ភាគខាងកើតកោះ អូគីណាវ៉ា ជាទីកន្លែងមានទាហានអាមេរិក រហូតដល់ទៅ៤៧ពាន់នាក់ឈរជើងនៅទីនោះ។ សកម្មភាពរបស់ទាហានអាកាសចិន បង្កក្តីបារម្ភដល់អាមេរិក ដោយចិនអាចបើកការវាយប្រហារ ទីតាំងអាមេរិកនៅប៉ាស៊ីហ្វិក ក្នុងនោះមានកោះ Guam ជាដើម។

មន្ទីរបញ្ចកោណវាយតម្លៃបែបនេះ នៅក្នុងរបាយការណ៍ប្រចំាឆ្នាំមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្ដីពីកិច្ចខិតខំ ប្រឹងប្រែងពង្រីកឥទ្ធិពលនៅលើពិភពលោករបស់ទីក្រុងប៉េកាំង ជាមួយការចំណាយលើកញ្ចប់ថវិកាយោធា ១៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។ របាយការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេលបីឆ្នាំមកនេះ កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសមយុទ្ធយោធាយន្ដហោះទម្លាក់ម្ដងហើយម្ដងទៀតនៅក្នុងតំបន់ ហើយដែលនេះ ទំនងជាការហ្វឹកហាត់បង្កើនសមត្ថភាព វាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធអាមេរិក»។

គួរបញ្ជាក់ថា របាយការណ៍របស់មន្ទីរបញ្ចកោណ កើតមានឡើងខណៈចិន និងសហរដ្ឋអាមេរិក មានគំរោងជួបគ្នានៅចុងខែសីហា នេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក មិនទាន់អត្ថាធិប្បាយណាមួយទាក់ទិងនឹងរបាយការណ៍របស់មន្ទីរបញ្ចកោណនៅឡើយទេ៕ ម៉ែវ សាធី


ចែករំលែក៖