ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួននិងថ្នាំញៀនចំនួន២៧កញ្ចប់ត្រូវបានដកហូត

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលធ្វើការចាប់ខ្លួន និងធ្វើការដកហូតថ្នាំញៀនចំនួន២៧កញ្ចប់ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២៤និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ រុណ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ សឿន វណ្ណារី ហៅវ៉ា ភេទ ប្រុស អាយុ៣២ឆ្នាំ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៧កញ្ចប់ (តូច២៣កញ្ចប់ និងធំ៤កញ្ចប់ ,ម៉ូតូម៉ាកឌូក ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GP-4783 ចំនួន១គ្រឿង ,ទូរសព្ទ័ដៃចំនួន៣គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្មក្នុងភូមិសាស្រ្ដស្រុកមុខកំពូល ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។ លុះមកដល់វេលាម៉ោងប្រមាណ២៤ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកដំបង ទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ភ្លាមនោះក៏ធ្វើការសហការជាមួយកម្លាំជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះឃ្លាំមើលមុខសញ្ញានៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ សឿន វណ្ណារី ជិះម៉ូតូម៉ាកឌូក ដោយឌុបឈ្មោះ រុណ ដារ៉ា ហៅទ្រូ ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូខាងលើឲ្យឈប់ ខណៈដែលឈប់ម៉ូតូឈ្មោះ សឿន វណ្ណារី ហៅវ៉ានោះក៏បានរត់គេចខ្លួនបាត់តែម្តង រីឯជនសង្ស័យឈ្មោះ រុណ ដារ៉ា ហៅទ្រូ ត្រូវបានសមត្ថកិច្ចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២៧កញ្ចប់ (តូចចំនួន២៣កញ្ចប់ និងធំចំនួន៤កញ្ចប់) រួមទាំងវត្ថុតាងពាក់ព័ន្ធ ឈានដល់ចាប់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖