ព័ត៌មានទាន់ហេតុការណ៍៖

ជួលររថយន្ដគេ២គ្រឿងយកទៅបញ្ចាំម្ចាស់រថយន្ដដឹងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាបុគ្គលិក្រុមហ៊ុនម្នាក់បែកគំនិតដោយប្រើល្បិចជាជួលរថយន្ដគេចំនួន២គ្រឿង រួចយករថយន្ដនោះទៅបញ្ចាំដើម្បីយកប្រាក់ តែត្រូវម្ចាស់រថយន្ដដឹង បានប្ដឹងនគរបាលឲ្យធ្វើការចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃិន វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនរងគ្រោះឈ្មោះ សេង ប៊ុនសិញ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ដោយឡែកទ្រព្យសម្បត្តិបាត់បង់មាន៖ រថយន្ដចំនួន២គ្រឿង ម៉ាកLEXUS RX300 ពាក់ស្លាកលេខភ្នំពេញ 2AU-7052 ចំនួន១គ្រឿង និងរថយន្ដម៉ាកHIYUNDAI MIGTHIY ពាក់ស្លាកលេខភ្នំពេញ3B-9486 ចំនួន១គ្រឿង និងប្រាក់ដល្លារចំនួន ៦,៦៣០ដុល្លារសហរដ្ឋអាមរិក ។

ប្រភពដដែលបន្ដថា កាលពីរយៈពេល២ខែកន្លងទៅ ជនសង្ស័យបានជួលរថយន្ដរបស់ជនរងគ្រោះចំនួន២គ្រឿង ដោយពុំដឹងថា ជនសង្ស័យយករថយន្ដ២គ្រឿងនោះទៅឯណានោះទេ លុះមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានលក់រថយន្ដទៅឲ្យជនសង្ស័យមួយគ្រឿងទៀត ម៉ាក COROLA ស៊េរីឆ្នាំ1994 ក្នុងតំលៃ៣,៩០០ដុល្លារសហរដ្ឋអាមេរិក តែជនសង្ស័យពុំទាន់ប្រគល់ប្រាក់ទៅឲ្យជនរងគ្រោះនោះទេ ដោយបានធ្វើការកិច្ចទិញលក់ និងធ្វើកិច្ចសន្យាប្រគល់ប្រាក់គ្រប់ចំនួននៅម៉ោង១៤រសៀល ថ្ងៃខែដដែលទៅឲ្យជនរងគ្រោះ ។

លុះមកដល់វេលាម៉ោង១៤រសៀល ជាពេលវេលាដែលជនសង្ស័យកំណត់ប្រគល់ប្រាក់ឲ្យជនរងគ្រោះ ស្រាប់តែជនសង្ស័យពុំបានប្រគល់ប្រាក់ឲ្យជនរងគ្រោះដូចដែលបានកំណត់ក្នុងកិច្ចសន្យានោះទេ ភ្លាមនោះជនរងគ្រោះមានការសង្ស័យថា ជនសង្ស័យមានគំនិតមិនល្អ ក៏សួរដេញដោលអំពីរថយន្ដចំនួន២គ្រឿងបន្ថែមទៀត ដែលជនសង្ស័យបានជួលអស់រយៈពេល២ខែកន្លងទៅ ។ ក្រោយពីជនរងគ្រោះជាម្ចាស់រថយន្ដសួររួច ជនសង្ស័យបានឆ្លើយថា រថយន្តទាំង២គ្រឿងនោះ ខ្លួនបានយកទៅដាក់បញ្ចាំនៅទៅឲ្យឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ ជាង៣០ឆ្នាំ លក់សាំងនៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ត្រើយខាងកើត ក្នុងតំលៃ១៥,០០០ដុល្លារសហរដ្ឋអាមេរិក ។ ទន្ទឹមនឹងខណៈពេលដែលជនសង្ស័យជួលរថយន្ដនោះផងដែរ ជនសង្ស័យក៏បានចងការប្រាក់ពីជនរងគ្រោះចំនួនសរុប២,៧៣០ដុល្លារសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បន្ថែមទៀត ដោយនិយាយថា យកទៅទិញប្រេង ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីជនរងគ្រោះស្ដាប់ការរៀបរាប់របស់ជនសង្ស័យរួច ភ្លាមនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងប្ដឹងសមត្ថកិច្ចនគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដ ដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖