ព័ត៌មានទាន់ហេតុការណ៍៖

ការអនុវត្តក្តៅរបស់សាលាក្រុងធ្វើបានជោគជ័យក្នុងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រោយពីការជួបប្រជុំរវាងអ្នកសារព័ត៌មានក្នុងខេត្ត ជាមួយនឹងលោកប្រធានមន្ទីរព័ត៌មានខេត្ត ក្នុងការអនុវត្តន៍រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែងរបស់សាលាក្រុង ត្រូវបានជោគជ័យ ក្រោយពីការចង្អលបង្ហាញពីនាយករដ្ឋបាលសាលាខេត្ត ដល់សាលាក្រុង និងអ្នកសារព័ត៌មាន ធ្វើយ៉ាងណាអនុវត្តន៍ឲ្យបាន ជៀសវាងនៅការកកស្ទះ និងភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង និងខេត្ត ។

លោកអ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្ត បាននិយាយក្នុងការអញ្ចើញអ្នកសារព័ត៌មានក្នុងខេត្ត មានជាង២០អង្គភាពផ្សេងគ្នាថា ដើម្បីចូលរួមធ្វើព័ត៌មានក្នុងការ រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ លើផ្លូវចាក់ប៉េតុង ដែលបច្ចុប្បន្នអាជីវករកំពុងតែ យកផ្លូវធ្វើផ្សារលក់យ៉ាងអនាធិបតេយ្យ ធ្វើឲ្យកកស្ទះដល់អ្នកធ្វើដំណើរ និងគ្មានសណ្តាប់ធ្នាប់ថែមទៀត ។

លោកបន្តទៀតថា ភាគច្រើនសុទ្ធតែក្រុមអាជីវករលក់ដូរក្នុងផ្សារ ដែលមានតូបជាង១ពាន់ មិនលក់បែជាចេញមកលក់លើផ្លូវប៉េតុងនេះទៅវិញ ហើយតូបដែលមានម្ចាស់ហើយមិនលក់នោះ ទុកចោលមានជាង(៧រយតូប) ដូច្នេះទើបនាយរដ្ឋបាលសាលាខេត្ត បានឲ្យសាលាក្រុងសហការគ្នា ជាមួយនឹងមន្ទីរព័ត៌មានខេត្ត និងព័ត៌មានក្នុងខេត្តដែលមាន ប្រមាណជាង២០អង្គភាព ដើម្បីចូលរួមផ្សព្វផ្សាយក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារ នូវអ្វីដែលខេត្តធ្វើបាន ។

ក្នុងនោះផងដែរ ក្រុមអ្នកសារព័ត៌មានបានលើក និងប្តូរយោបល់ នៅចំណុចខ្វះខាត ដែលមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនខ្លះ ខ្វះចន្លោះប្រហោងមិនចង់សហការជាមួយអ្នកសារព័ត៌មាន នៅពេលជួបបទល្មើសជាក់ស្តែង និងមិនចង់ផ្តល់បទសម្ភាសន៍ឲ្យ បានក្បោះក្បាយ និងអស់ចម្ងល់អំពីអ្វីដែលអ្នកសារព័ត៌មាន ចង់ដឹង និងចែកជូនដល់សាធារណជនឲ្យបានច្បាស់នោះឡើយ ។

ដោយអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួននិយាយស្តី អសីលធម៌ គ្មានការចេះដឹង និយាយបកស្រាយជាមួយអ្នកសារព័ត៌មានគំរោះគំរើយ ហើយខ្លះទៀតមិនចង់លើក ទូរស័ព្ទផ្តល់ព័ត៌មានខ្លះធ្លើយថារវល់ ទើបរាល់ការចេញផ្សារយខ្លះធ្វើឲ្យបះពាល់ដល់ស្ថាប័នអង្គភាពខ្លះដែលអសកម្មក្នុងការ ការពារស្ថាបនា និងជួយការអភិវឌ្ឍន៍ខេត្តនោះ ខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដើម្បីពាំនាំពាក្យនេះ ជូនដល់លោកអភិបាលខេត្តដើម្បីដុះខាត់ដល់មន្ត្រីអសកម្មមួយចំនួន ដែលមិនយល់ដល់តួរនាទីអ្នកសារព័ត៌ដែលជាកញ្ចក់ឆ្លុះ បញ្ជាំងដល់សង្គម និងជាភ្នែក ជាច្រមុះជូនដល់រាជរដ្ឋាភិបាលទៀតផង ។

ជុំវិញក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ លោកពេជ រាមី នាយករដ្ឋបាលសាលាក្រុងស្ទឹងត្រែងបានឲ្យដឹងថាៈ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ឡើងវិញដោយមានការប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដោយមានឯកឧត្តមឌួង ពៅ អភិបាលរងខេត្តជាប្រធាន គ្រប់គ្រងសណ្តាប់ធ្នាប់អណាម័យ និងបរិស្ថាន ហើយក្នុងការអនុវត្តន៍នេះគឺចាប់ផ្តើមនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ធ្វើបានជោគជ័យជាបណ្តើៗ ហើយដោយមានការសហការពី សមត្ថកិច្ចចម្រុះរបស់ក្រុងក្នុងការរៀបចំនេះ ។

លោកបន្តទៀតថា លោកនឹងបន្តអនុវត្តន៍ឲ្យបានតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត លោកនឹងបន្តរៀបចំនៅលើសួនច្បារទីសាធារណៈ និងតាមមុខផ្ទះប្រជាពលរដ្ឋជុំវិញផ្សារ និងក្នុងក្រុងស្ទឹងត្រែងទាំងមូល និងព្យាយាមអប់រំពន្យល់ឲ្យពួកគាត់ ចូលរួមសំអាតអណាម័យ និងបរិស្ថាន មុខផ្ទះ និងជុំវិញផ្សារមិនឲ្យពួកគាត់ ជួលអាជីវករផ្សេង ឬដាក់លក់នៅលើផ្លូវបន្តទៀននោះទេ ។

លោកបញ្ជាក់ថា អាជីវករដែល មកពីទីជនបទដែលយកបន្លែត្រីសាច់មកលក់នោះ មិនប៉ុន្មានទេ តែភាគច្រើន ក្រុមអាជីវករលក់ដូរ ក្នុងផ្សារតែម្តង ពួកគាត់ចេញមកលក់លើផ្លូវ ទើបធ្វើឲ្យកកស្ទះបាត់សោភ័ណ្ឌភាពក្រុង ហើយបច្ចុប្បន្ននេះត្រូវឲ្យពួកគាត់ចូលទៅលក់ក្នុងផ្សារធំដូចដើមវិញ អ្នកសេសសល់ត្រូវឲ្យទៅលក់នៅផ្សារថ្មីក្រុងស្ទឹងត្រែង(ហៅផ្សារអូរឬស្សី) និងមួយទៀតឲ្យទៅលក់នៅផ្សារថ្មី(គីឡូពី) ហើយពេលនេះជាពេលអនុវត្តន៍ទៅតាមច្បាប់មិនអាចលើកលែងទៀតបានឡើយ នឹងត្រូវព្យាយាមរៀបចំ ឲ្យបានសម្រេចទៅតាមបទបញ្ជាថ្នាក់លើ ក្រោយពីការរៀបចំហើយ នឹងមានកម្លាំងសន្តិសុខផ្សារឈរជើងនៅទីនោះមិនឲ្យពួកគាត់មកលក់សារជាថ្មីទៀតទេ ពីព្រោះមនុស្សម្នាក់ៗ មិនងាយអប់រំចិត្តឲ្យបត់បែនទៅតាមបានងាយៗនោះទេ ៕ មាស សុផាត


ចែករំលែក៖