ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ របួសបែកមុខមាត់ ខណៈដែលចេញពីដកលុយនៅទូATM ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូធុនធំមួយគ្រឿងមកពីក្រោយ រួចធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយរត់គេចបាត់ស្រមោលតែម្តង ។
ករណីវាយប្លន់ជនបរទេសនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជាប់វាលព្រះមេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនបរទេសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជាជាតិជនបរទេសស្បែកសម្នាក់ បានដើរចូលទៅដកលុយនៅក្នុងទូATM មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៨ លុះពេលដើរចេញមកវិញ ដោយគាត់មានសភាពស្រវឹងផងនោះ ស្រាប់តែឃើញមានត្រូវជនមិនស្គាល់មុខមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មកពីក្រោយ រួចធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះ ហើយប្លន់យកលុយនិងសំភារះអស់ពីខ្លួន ភ្លាមនោះជនរងគ្រោះ បានស្រែកឆោឡោឲ្យគេជួយដែរ តែគ្មានអ្នកណាហ៊ានជួយឡើយ ដោយផ្លូវមានសភាពស្ងាត់ផងដែរ ។ ប៉ុន្តែភ្លាមនោះមានពលរដ្ឋម្នាក់ បានឃើញដូច្នេះក៏រាយការណ៍ ប្រាប់ទៅវិទ្យុក្នុងស្រុកមួយ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានផងដែរ ។
សាក្សីបន្ថែមទៀតថាលុះមួយសន្ទុះក្រោយទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនបរទេសម្នាក់ទៀតមកដល់កន្លែងកើតហេតុ ពេលនោះជនរងគ្រោះស្រែកយំអោបជើង ដោយនិយាយភាសាអង់ភ្លេសសួរនាំគ្នាទៅវិញទៅមក ។ ក្នុងហេតុការណ៍នោះដែលនៅពេលក្រុមអ្នកសារព័ត៌មាន ចុះទៅដល់កន្លែងកើតហេតុ ហើយសួរនាំទៅលើជនរងគ្រោះ ស្រាប់តែជនបរទេសម្នាក់ដែលទៀតមកក្រោយកើតហេតុ ប្រើពាក្យសំដីអសុរោះមកលើក្រុមអ្នកសារព័ត៌មាន ហើយក្រវាត់ដៃត្រូវទូរស័ព្ទអ្នកសារព័ត៍មានដែលកំពុងថតយករូបភាពនោះធ្លាក់ទៅដី បណ្ដាលឲ្យបែកអេក្រង់ផងដែរ ។
ក្រោយមកជនបរទេសដែលធ្វើឲ្យទូរស័ព្ទអ្នកសារព័ត៍មានធ្លាក់បែកអេក្រង់ហើយ បាននិយាយថាគាត់គ្រាន់តែជិះកាត់ ហើយឃើញដូច្នេះក៏ចូលមើលប៉ុណ្ណោះ ។ប៉ុន្តែជនរងគ្រោះនៅតែខំប្រឹងព្យាយាមឱបជើងជាប់ជនបរទេសដែលឈរនោះ មិនព្រមឲ្យចេញទៅណានោះទេ រហូតទល់តែជនរងគ្រោះសន្លប់បាត់ស្មារតី ទើបបុរសបរទេសម្នាក់ដែលឈរនោះ បានឡើងជិះម៉ូតូធំចេញទៅបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកកន្លែងកើតហេតុ មកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរផងដែរ ៕ស តារា