នៅតំបន់អាមេរិកឡាទីន កំពុងប្រឈមនឹងបញ្ហាភេរវកម្មសំដៅទៅលើអាកាស ចរណ៍ បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អ្នក ដំណើរ ។ អាកាសយានដ្ឋាននៅក្នុងតំបន់អាមេរិកឡាទីន បានរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែងក្រោយ ពីមានជើងហោះហើរជាច្រើនរងការគំរាមកំហែង បំផ្ទុះគ្រាប់បែក ធ្វើឲ្យយន្តហោះ៩គ្រឿង ក្នុងប្រទេសផ្សេងៗគ្នាចុះចតជាបន្ទាន់។
ទីបញ្ជាការហោះហើរ ប្រទេសឈីលី កាលពីថ្ងៃទី១៦ខែសីហា បានប្រកាសថា មានយន្តហោះ៩គ្រឿង បានចុះចតជាបន្ទាន់នៅក្នុងប្រទេសឈីលី ប៉េរូ និងអាហ្សង់ទីន ដោយរងការគំរាមបំផ្ទុះគ្រាប់បែកដូចគ្នា។
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ឈីលី ជើងហោះហើរចេញ និងឆ្ពោះមកកាន់ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើការចុះចតយ៉ាងតក់ក្រហល់នៅក្នុងទីក្រុង រ៉ូសារីយ៉ូ (Rosario) នៃប្រទេស អាហ្សង់ទីន និងក្រុង ភីស្កូ (Pisco) នៃ ប្រទេសប៉េរូ ក្នុងចំណោមទីតាំងដទៃទៀត ហើយប៉ូលិសឈីលី កំពុងបើកការស៊ើប អង្កេតទៅលើករណីនេះ។
យ៉ាងណាមិញ ការគំរាមបំផ្ទុះគ្រាប់ បែកនេះ ទំនងជាការបោកប្រាស់តែ ប៉ុណ្ណោះ ដោយយន្តហោះ ៣គ្រឿងក្នុង ចំណោមនោះត្រូវបានអាជ្ញាធរពិនិត្យរួចហើយ ដោយពុំបានរកឃើញមានគ្រឿងផ្ទុះណាមួយនោះទេ ខណៈយន្តហោះដទៃ ទៀត កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
គួរជម្រាបថា ការគំរាមខាងលើត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទមួយ មកកាន់មន្រ្តីនៃអាជ្ញាធរអាកាសចរណ៍ឈីលី ទើបឈានដល់ការផ្អាកជើងហោះហើរ ភ្លាមៗ ដើម្បីសុវត្ថិភាពនៃអ្នកដំណើររាប់ រយនាក់៕ ម៉ែវ សាធី