ភ្នំពេញ៖ នៅលើកំណាត់ផ្លូវវេងស្រេង ចាប់ពីផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ រហូតទៅដល់ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពោរពេញទៅដោយក្រុមអាជីវករដាក់រទេះលក់ដូរដង្ហែគ្នាជាច្រើន បង្កការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ ខណៈក្រុមកម្មកររោងចក្រចេញពីធ្វើការ ។
ជារៀងរាល់ថ្ងៃនៅពេលល្ងាច ខណៈក្រុមកម្មករោងចក្រចេញពីធ្វើការម្តងៗ តែងតែមានការកកស្ទះចរាចរណ៍ ព្រោះក្រុមអាជីវករបានដាក់រទេះលក់ដូរជាច្រើននៅលើដងផ្លូវ នៅចំណុចមុខរោងចក្រតែម្តង ។
ទីតាំងដែលងាយនឹងកកស្ទះនោះ នៅភូមិជ្រៃកោង នៅមុខរោងចក្រអាមេរិកកាំង មួយកន្លែង ខាងកើតផ្សារកាណាសុីធីមួយកន្លែង ជាប់របងរោងចក្រហុងដាមួយកន្លែង និងមុខផ្សារត្រពាំងថ្លៃមួយកន្លែងទីតាំងខាងលើនោះ ភាគច្រើនគឺស្ទះនាវេលាម៉ោង៤រសៀលទៅ ។
ពាក់ព័ន្ធនឹងការកកស្ទះខាងលើនេះ ក្រុមការងារនគរវត្ត បានទាក់ទងទៅលោកហែម ដារឹទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យតាមរយះប្រព័ន្ធ WhatsApp លោកបានចូលមើល និងស្តាប់ តែលោកមិនបានឆ្លើយតបនោះទេ ។
ចាំមើលតើលោកនឹងមានវិធានការយ៉ាងណាចំពោះក្រុមអាជីវកទាំងនោះ ៕ សុខាសែនជ័យ