ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនមកស្រុកខ្មែរសង្ស័យអត់ការងារធ្វើឬចាញ់ល្បែងឆក់កាបូបលុយអ្នកលក់ត្រីនគរបាលចាប់បានពីរនាក់

ចែករំលែក៖

ខេត្តសៀមរាបៈ ជារឿងថ្មីមួយទៀតដែលជនជាតិចិន២នាក់ សង្ស័យមកស្រុកខ្មែរ អត់មានការងារធ្វើ ឬក៏ចាញ់ល្បែងអស់លុយពីខ្លួនផងក៏មិនដឹងបានជាបែកគំនិតជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយពីបងប្អូនអាជិវករម្នាក់ តែសំណាងអាក្រក់មិនបានសម្រេច ហើយក៏ជាប់ខ្នោះរបស់សមត្ថកិច្ច កាលពីព្រឹក ថ្ងៃ សៅរ៍ ៧ កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៨ នៅចំណុចឃុំកៀនសង្កែ ស្រុកសូទ្រនិគម ។

អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា គ្រាន់តែលោកទទួលដំណឹងពីបងប្អូនពលរដ្ឋរាយការណ៍ថា មានករណីចោរឆក់កាបូបលុយ នៅចំណុចខាងលើហើយបានជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៦នោះ រូបលោកក៏បានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសូទ្រនិគម នឹងប៉ុស្តិ៍នបាលរដ្ឋបាលទាំងអស់ចាំស្ទាក់គ្រប់ទីកន្លែង។ លុះបានប៉ុន្មាននាទី ឃើញជនជាតិចិនពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូ ស៊េរី១៩៩៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X2046 មកដល់ចំណុចខាងលើក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ក៏បានឃាត់ឲ្យឈប់ ហើយដកហូតម៉ូតូជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពនិងកាបូបលុយជនរងគ្រោះមកវិញ ។

លោកអធិការបន្តថា ជនរងគ្រោះឈ្មោះ យឹម ចន្ថា ហៅស្រី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ចំណែកជនសង្ស័យសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចធ្វើកំណត់ហេតុបញ្ជួនជនសង្ស័យទាំង២នាក់ទៅមន្ត្រីជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការតាមច្បាប់បន្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖