ខេត្តពោធិ៍សាត់៖ សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៧.២០១៨ បេក្ខជនចំនួន ៣.២២៧ នៅខេត្តពោធិ៍សាត់ នេះបើតាមការឲ្យដឹងពីលោក លី សុគន្ធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងវិទ្យាល័យពោធិ៍សាត់ ស្ថិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
លោកបន្តថា សម័យប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តពោធិ៍សាត់ មាន ៥មណ្ឌល ស្មើនឹងចំនួន ១៣១បន្ទប់ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៣.២២៧នាក់ ក្នុងនោះបេក្ខនារីចំនួន ១៥២២នាក់ និងចែកចេញជា ២ផ្នែក។ ១- ផ្នែកវិទ្យាសាស្ត្រមាន ២មណ្ឌល ស្មើនឹងចំនួន ៦២បន្ទប់ គឺនៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង និងសាលាបឋមសិក្សាពោធិ៍សាត់ មានបេក្ខជនចំនួន ១.៥១២នាក់ ស្រីចំនួន ៨២៤នាក់។ ២- ផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៣មណ្ឌល ស្មើនឹងចំនួន ៦៩បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង អនុវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យព្រែកស្តីមានបេក្ខជនចំនួន ១.៧១៥នាក់ ស្រីចំនួន ៦៩៨នាក់។
លោក បន្តទៀតថា នៅក្នុងចំណោមបេក្ខជនប្រឡងទាំងនោះមានបេក្ខជនស្វ័យរិនចំនួន ៧៨៧នាក់ ស្រីចំនួន ៣៦៥នាក់ និងបេក្ខជនបំពេញវិជ្ជាចំនួន ១១២នាក់ ស្រីចំនួន ៣១នាក់ ។ បើប្រៀបធៀបទៅនឹងឆ្នាំសិក្សា២០១៦-២០១៧ មានការថយចុះផ្នែកវិទ្យាសាស្ត្រមួយមណ្ឌល និងកើនផ្នែកវិទ្យាសាស្ត្រសង្គម មួយមណ្ឌលវិញ ចំពោះវិញ្ញាសារ គឺផ្នែកវិទ្យាសាស្ត្រ រួមមាន ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា ភាសារបរទេស និង អក្សរសាស្ត្រខ្មែរ និងផ្នែកវិទ្យាសាស្ត្រសង្គម មានផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។
ក្នុងកិច្ចដំណើការប្រឡងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២០-២១ខែសីហា ឆ្នាំ២០១៨ នេះ ក៏មានការចូលរូមលោក ខូយ គឹមហុង តំណាងអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រុមអ្នក សង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនចំនួន ១៥៦នាក់ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើនទៀតដើម្បីចូលរួមពិនិត្យតាមដាន និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ៕ ប៉ឹម ពិន