ព័ត៌មានទាន់ហេតុការណ៍៖

ចិនវិនិយោគទឹកប្រាក់៥ពាន់លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើងបានធ្វើឲ្យអ្នកវិនិយោគចិនកាន់តែច្រើនបោះ ទុនវិនិយោគនៅកម្ពុជា ដោយទំហំទឹកប្រាក់បានកើនដល់៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែនៃឆ្នាំនេះ ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan Tower តម្លៃ១៦០លានដុល្លារអាមេរិកនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីចុងសប្តាហ៍ មុនថារយៈពេលត្រឹម៧ខែគិតចាប់ពីខែមករា ដល់ខែកក្កដា អ្នកវិនិយោគចិនបានវិនិយោគ ទឹកប្រាក់៥ពាន់លានដុល្លារអាមេរិក ។

លោកបន្តថា បើគិតពីឆ្នាំ២០១៣ដល់ ឆ្នាំ ២០១៨អ្នកវិនិយោគចិន បានបោះទុន វិនិយោគរហូតដល់២១ពាន់លានដុល្លារនៅកម្ពុជា ហើយចិនបានកសាងផ្លូវជាតិ ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន៧នៅ កម្ពុជា ។

គម្រោងវិនិយោគរបស់ចិននៅកម្ពុជា ផ្តោតលើវិស័យចម្បងៗជាច្រើន ដូចជា វិស័យវាយនភណ្ឌ សំណង់ វារីអគ្គិសនី គមនាគមន៍និងវិស័យទេសចរណ៍ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនចិន ដែលបាន ឧបត្ថម្ភគាំទ្រចិនលើគ្រប់វិស័យទាំងវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គមហើយ ឧបនាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់ វិស័យ ដែលស្តែងឲ្យ ឃើញសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការរួមចំណែកពីជំនួយ ការគាំទ្រ និងការវិនិយោគរបស់អ្នកវិនិយោគ ចិននោះទេ ។

ឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ដែលគ្រប់គ្រងមជ្ឈមណ្ឌលកោះពេជ្រ បានថ្លែងថា មិនយូរប៉ុន្មានទៀតទេកម្ពុជា នឹងមានអគារខ្ពស់ៗ រាប់រយម៉ែត្រដែលនេះ ព្រោះតែកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖