ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពពលរដ្ឋកូរ៉េខាងត្បូង រីករាយទៅកាន់កូរ៉េខាងជើងដើម្បីជួបសាច់ញាតិដែលបែកបាក់គ្នាដោយសារសង្គ្រាម

ចែករំលែក៖

ពលរដ្ឋកូរ៉េខាងត្បូងមួយក្រុម បានធ្វើ ដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីជួបសាច់ញាតិដែលបានបែកបាក់គ្នាដោយសារ សង្គ្រាម ឧបទ្វីប ឆ្នាំ១៩៥០-១៩៥៣។

សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានផ្សាយថា កូរ៉េខាងត្បូង និងកូរ៉េខាង ជើង បានរៀបចំពិធីជួបជុំសាច់ញាតិ ចាប់ពីថ្ងៃទី២០-២៦ខែសីហា។ នេះជា លើកទីមួយ ដែលបានរៀបចំពិធីនេះ ចាប់ តាំងពីខែតុលាឆ្នាំ ២០១៥មក។ ពលរដ្ឋ កូរ៉េខាងត្បូង ដែលមានវ័យចំណាស់ ៨៩នាក់ រួមទាំងកូនចៅប្រមាណ៣០០ នាក់ផ្សេងទៀតបានធ្វើដំណើរ ដោយ រថយន្តក្រុង ទៅកាន់តំបន់ភ្នំរមណីយដ្ឋានKumgangស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើង ។

លោកតាអាយុ៧០ឆ្នាំម្នាក់ឈ្មោះ Shin Jong Ho បាននិយាយថា «ខ្ញុំបានដេក តាំងពីម៉ោង៩យប់ ហើយភ្ញាក់ឡើងម៉ោង ៣ទៀបភ្លឺ ។ ខ្ញុំមានអារម្មណ៍ថាសុខភាព របស់ខ្ញុំល្អប្រសើរ ហើយសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងប្រសើរឡើង»។

ពិធីជួបជុំមានរយៈពេលមួយសប្ដាហ៍នេះ នឹងចាប់ផ្ដើមធ្វើឡើងនៅឯតំបន់ទេសចរណ៍ភ្នំ Kumgangរបស់កូរ៉េខាងជើង នៅម៉ោង៣ រសៀលនេះ (ម៉ោងនៅក្នុង តំបន់) បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែ មេសា កន្លងទៅ។ មួយវិញទៀត បើតាម យ៉ុនហាប់ឲ្យដឹងថា គ្រួសារកូរ៉េខាងត្បូងច្រើនជាង៥៧,០០០នាក់ ដែលនៅរស់ រានមានជីវិតពីសម័យសង្គ្រាម បានចុះឈ្មោះដើម្បីចូលរួមក្នុងពិធីនេះ ប៉ុន្តែមាន តែ៨៩នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងជុំទីមួយនៃពិធីជួបជុំគ្រួសារ កូរ៉េ។

សូមជម្រាបថា ខាងភាគីគ្រួសារកូរ៉េ ខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងពិធីជួបជុំ ដែលមានរយៈពេលត្រឹមតែ១១ម៉ោង គឺមានអាយុ ចន្លោះពី៧០ រហូតដល់១០១ ឆ្នាំ។ ប៉ុន្តែពិធីជួបជុំរបៀបនេះតែងតែបញ្ចប់ទៅជាមួយការបន្សល់ទុកនូវភាពសោក សៅ និងការនឹក រលឹកគ្នាពោរពេញដោយ ការឈឺចាប់។ ពិធីជួបជុំលើកទីមួយនឹង ត្រូវធ្វើឡើងពីថ្ងៃចន្ទ ដល់ថ្ងៃពុធ រីឯលើកទីពីរនឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃសុក្រ ដល់ថ្ងៃ អាទិត្យ៕ ម៉ែវ សាធី


ចែករំលែក៖