ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមចុះបង្ក្រាបទីតាំងបញ្ជាល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ តាមសំណូមពរពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុកព្រៃឈរ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងបញ្ជាល់មាន់ខុសច្បាប់ នៅចំណុចវាលស្រែ ស្ថិតនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងបាន ឃាត់មនុស្ស៣នាក់ និងឧបករណ៍បម្រើឲ្យបទល្មើសមួយចំនួន ។

លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដែលជាអ្នកដឹកនាំបង្ក្រាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ បញ្ជាល់មាន់ដាក់លុយ នៅចំណុចវាលស្រែ ស្ថិតនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឲ្យដឹងថា ក្រោយការបង្ក្រាបកម្លាំងបានឃាត់មនុស្ស៣នាក់ ១-ឈ្មោះ ខុប ហឿន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ , ២-ឈ្មោះ ស្រី ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ , ជនទាំង០២នាក់ខាងលើ មានទីលំនៅភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ៣-ឈ្មោះ ស៊ុយ សិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះកម្លាំងបានដកហូតឧបករណ៍មួយចំនួនដូចជា ៖ មាន់ជល់ចំនួន០២ក្បាល(ងាប់), ជញ្ជីងថ្លឹងមាន់ចំនួន០១, ម៉ូតូចំនួន០៧គ្រឿង ,ប្រាក់ចំនួន៩០,០០០រៀល,ស្កុតរំមាន់០៥ដុំ,កន្រ្កក់ដាក់មាន់០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ

 


ចែករំលែក៖