ខេត្តសៀមរាប៖ មន្ត្រីមូលដ្ឋានស្រុកពួកបានរាយការណ៍ថា ប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ដោយសារពស់ចឹកនៅកណ្ដាលវាលស្រែ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចគោកតានី ភូមិព្រលិត ឃុំរើល ស្រុកពួកខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កុយ រិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។
តាមការពិនិត្យស្នាកស្នាមលើដងខ្លួនសព បានប្រទះឃើញមានស្នាមពស់ចឹកចំ សៀតផ្កាខាងស្តាំ ស្នាមចង្កូម មានរន្ធ៣តូច ស្លាប់នៅនឹងទឹកស្រែខាងលិចស្ទឹងតានី ព្រំប្រទល់ឃុំល្វា ។ ក្រោយពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារពស់ចឹកពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី