ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨បញ្ចប់ដោយស្ងៀមស្ងាត់ ខណៈមានបេក្ខជនមួយចំនួនតូចវិលមុខក្អួតចង្អោរ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃនៃសម័យ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ បេក្ខជនអវត្តមានជិត២ពាន់ នាក់។ នេះបើតាមផេកហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំចេញផ្សាយកាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជាថ្ងៃបញ្ចប់នៃការប្រឡងបាន ឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹក ថ្ងៃទី២ មានបេក្ខជនប្រឡងសរុបចំនួន ១១៥.២៦៨នាក់ ស្រី៥៨.១៥៨នាក់ អវត្ត មានចំនួន១.៨០៦នាក់ ស្រី៧២៣នាក់។ ដោយឡែកបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន៣១ករណី ក្នុងនោះអនុរក្សមាន២ករណី និង អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត១ករណី និង បេក្ខជនចំនួន២៨ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពីទទួល បានការសង្គ្រោះបឋម។ ក្នុងនោះ៣ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអាចត្រឡប់មកបន្តការប្រឡងវិញ១ករណី និង២ករណីមិនអាចត្រឡប់មកបន្តការប្រឡងបានទៀតឡើយ ។

ប្រភពបានបន្តថា បុគ្គលិកអប់រំមាន កំហុសឆ្គង៣ករណី ដោយទុកទូរស័ព្ទជាប់ ខ្លួនត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ សម្រាប់អាកាសធាតុនៅតាមមណ្ឌលប្រឡងមួយចំនួននៅតែបន្តមានភ្លៀងធ្លាក់ដូចជា ខេត្តកែប ព្រះសីហនុ រតនគិរី និង ខេត្តមណ្ឌលគិរី ប៉ុន្តែមិនប៉ះពាល់ដល់ ដំណើរការសំណេររបស់បេក្ខជនឡើយ ។

សម្រាប់ដំណើរការសំណេរនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ដែលជាព្រឹកថ្ងៃទី២នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយនៅតាមមណ្ឌល ប្រឡងនីមួយៗ បានដំណើរការដោយភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អដោយមាន ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាព ប្រឆាំងអំពើពុករលួយសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។

ជាទូទៅបេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អដោយពុំមាននាំ មកជាមួយនូវសំណៅឯកសារ ឬឧបករណ៍ ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ។

ក្រសួងអប់រំ យុវជន និងកីឡាបាន ប្រកាសថា នៅតាមមណ្ឌលប្រឡងកាលពីព្រឹកថ្ងៃទី២នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជនជា ច្រើនមានបញ្ហាសុខភាព វិលមុខ ខ្យល់គរ និងសន្លប់។ ក្នុងនោះបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការធូរស្រាលដោយបានទទួលជំនួយសង្គ្រោះ បឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាម មណ្ឌល ។

តាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ បេក្ខជន ដែលមានបញ្ហាសុខភាពត្រូវដាក់ សេរ៉ូមហើយអង្គុយប្រឡងនៅក្នុងបន្ទប់ ប្រឡងនៅក្រៅបន្ទប់ នៅក្រោមដើមឈើ និងនៅក្នុងឡានពេទ្យ។ ក្រៅពីនោះក៏មាន បេក្ខជនម្នាក់ត្រូវកោសខ្យល់ផងដែរ ។

យ៉ាងណាក៏ដោយក្រសួងអប់រំមិនទាន់ប្រកាសពីចំនួនបេក្ខជនដែលមានបញ្ហា សុខភាពនៅព្រឹកថ្ងៃទី២១ ខែសីហានេះទេ។ ប៉ុន្តែកាលពីប្រឡងថ្ងៃទី១ (ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៨) ក្រសួងបានប្រកាស ថា បេក្ខជនប្រឡងបាក់ឌុបមានបញ្ហាសុខភាពមានចំនួន៣២នាក់ ។

សូមរំលឹកថា ក្នុងដំណើរការសំណេរ ថ្ងៃដំបូង ពោលគឺថ្ងៃទី២០ ខែសីហា មានបេក្ខជនប្រឡងសរុបចំនួន១១៥.២៦៨នាក់ ស្រី៥៨.១៥៨នាក់ អវត្តមានចំនួន១.៧៥២ នាក់ ស្រី៧១០នាក់។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គង មានចំនួន៤ករណី ក្នុងនោះ ករណី ដកហូតទូរស័ព្ទដៃ៣ករណី និងនាំ សំណៅឯកសារចូល១ករណី ។

ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន៣២ករណី ប៉ុន្តែអាច ដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពី ទទួលបានការសង្គ្រោះបឋម ករណីបេក្ខ ជនគ្រោះថ្នាក់ចរាចរណ៍១ករណី និងមាន ២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការ ប្រឡងបាន ។

បុគ្គលិកអប់រំមានកំហុសឆ្គង១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្ត កំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរ ការសំណេររបស់បេក្ខជនឡើយ ៕ ហេង សូរិយា


ចែករំលែក៖