ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពយកធនាគារអេស៊ីលីដាភីអិលស៊ី ធ្វើជាដៃគូរសម្រាប់ប្រតិបត្តិការបង់កម្រៃសេវា ធ្វើដំណើរ រថយន្តក្រុង និងកាណូត ដើម្បីងាយស្រួល ដល់អតិថិជន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងបង្កើននូវភាពងាយស្រួលលើការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរផងនុះ ពិសេសការ​បង់​កម្រៃសេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ក៏ដូចជាជួយសម្រួល​ដល់ អតិថិជនក្នុងការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ រដ្ឋបាលរាជធានីភ្នំពេញ បានឯកភាព ចុះហត្ថលេខាលើអនុស្សរណៈ ចាប់ដៃគូរវិនិយោគ យល់គ្នារវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ីលើការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត(QR Code) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាជិះរថយន្ដក្រុង និងកាណូត
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោក ជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអេស៊ីលីដារ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ១២កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ សីហា ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការប្រើប្រាស់សេវាអេស៊ីលីដា​ ឃ្យូអរកូដ នេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបាន​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ កាត់បន្ថយការ​ចំណាយ ចំណេញ ពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូល​រួមកាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចណ៍ ស្រប​តាមគោលនយោបាយ និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់​រាជ រដ្ឋាភិបាលកម្ពុជា ដែល​មាន សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

លោកបន្តទៀតថា៖ រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្ត​ក្រុង​សាធារណៈ​ចំនួន​៨​​ខ្សែ ដែល​មាន​រថយន្ត ១៥៥គ្រឿង កំពុង​ទទួល​បានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​រថយន្ត​ក្រុង​កាន់តែ​​ច្រើន​​ដែល​មាន​ចំនួន​អ្នកធ្វើដំណើរពី ២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ។​ រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹកចំនួន១ ខ្សែ ពីស្ថានីយ៍ឬស្សីកែវ ទៅស្ថានីយ៍តាខ្មៅផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការជ្រើសរើស ធនាគារអេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការក្នុងការ​បង់កម្រៃ​សេវា​ដឹក​ជញ្ជូនសាធារណៈ​​រថយន្ត​ក្រុង ​និងកាណូត​ តាមរយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet)នេះ អ្នកដំណើរ​អាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និង​កាណូត បានភ្លាមៗ ដោយស្វ័យប្រវត្តិ តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ដែលមានបិទនៅលើ​រថយន្តក្រុង និងកាណូត​ ។

លោកបន្តថា ៖ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាសេវាធនាគារ​តាម​រយៈទូរស័ព្ទចល័ត ដែលដំណើរការ​ដោយប្រព័ន្ធ Android និងiOS ដើម្បីទូទាត់ និងទិញទំនិញ​ គ្រប់ទីកន្លែង​តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកប​ដោយ​ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។

លោកបានបញ្ជាក់ថា៖ គិត​មក​ត្រឹ​ម​ថ្ងៃនេះ មានអ្នកចុះឈ្មោះ​ប្រើប្រាស់សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាលក្ខណៈបុគ្គល មានចំនួន ៦២៤.៦៨៤ និង​ជា​ដៃ​គូមានចំនួន ៧.០២៤ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​ និងអេស៊ីលីដា ប្រូភើធី អិលធីឌី​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា ។​ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៤៣ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,២៥ពាន់លាន​ដុល្លារ អាមេរិក និងប្រាក់បញ្ញើសន្សំ​សរុបចំនួន ៣,៤៨ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹម​ដំណាច់ខែកក្កដា ឆ្នាំ២០១៨ នេះ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបង្កើតអោយមានការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត( QR Code )នេះធ្វើឡើងដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ អោយបានរហ័សទាន់ចិត្តលើការបង់កម្រៃសេវាដឹកជញ្ជូនសាធាររណៈរថយន្តក្រុងនិងកាណូត ខណៈដែល បច្បប្បន្ននេះមានរថយន្តក្រុងចំនួន ១៥៥គ្រឿង បាននឹងកំពុងរត់លើផ្លូវចំនួន ៨ខ្សែ ​មាន​ចំនួន​អ្នកធ្វើដំណើរពី ២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានីនឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតអោយមានការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត(QR Code ) សម្រាប់ប្រតិបត្តិការបង់កម្រៃ សេវាដឹកជញ្ជូនសាធាររណៈរថយន្តក្រុងនិងកាណូតនេះ វានឹងកាត់បន្ថយកម្លាំងកម្មពលកម្ម កាត់បន្ថយបុគ្គលិកច្រើន ហើយការ គ្រប់គ្រង់ចំណូល ក៏មិនបានបាត់បង់ប្រាក់ផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ថា ៖ និយាយបែបនេះ មិនមែនចោទ បុគ្គលិកដែលធ្លាប់បំពេញការងារនេះកន្លងមកធ្វើអោយបាត់ឬលួចលុយនោះទេ នេះដោយសារតែបច្ចេកវិទ្យាទំនើប ដែលទៀមទាអោយយើងប្រើប្រាស់សេវានេះ។

លោកឃួង ស្រេង ក៏បានណែនាំឱ្យ ប្រធានរដ្ឋករស្វាយ័ត ដឹកជញ្ជូនត្រូវមើលបុគ្គលិករបស់ខ្លួន ពេលកាត់បន្ថយ បុគ្គលិក ត្រូវសម្រួលពួកគាត់ទៅធ្វើកន្លែងណាមួយ ដោយត្រូវធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ពោលគឺធ្វើយ៉ាង ណាកុំអោយពួកគាត់មានសន្តិអារម្មណ៍ ភណ្ឌច្រឡំ ដោយនេះជាជំហានអភិវឌ្ឍន៏ ដែលត្រូវប្រើប្រាស់បច្ចេកទេសទំនើបហើយ។

លោកក៏បានធ្វើការណែនាំអោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ និងធនាគារត្រូវអនុវត្ត នៃការចុះហត្ថលេខានេះអោយបានល្អ ពិសេសត្រូវ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីន ទូទាត់ប្រាក់ជៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ ៕ សំរិត

 


ចែករំលែក៖