ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស ២នាក់បានបាត់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសស្រាលផងដែរ រួមទាំងរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧ខ្នងថែមទៀត ដោយសារគ្រោះធម្មជាតិភ្លៀងលាយឡំទៅដោយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា នៅភូមិផ្លូវលួង ផ្ទះសម្បែងប្រជាពលរដ្ឋរបើកដំបូលចំនួន ៣ខ្នង ដួលរលំចំនួន ៣ខ្នងរួមទាំងដួលរលំដើមឈើផងដែរ ដោយឡែក៖ នៅភូមិព្រែកត្របែក ឃុំកញ្ជរដូចគ្នា របើកដំបូលចំនួន ១ខ្នងទេរួមទាំងដួលរលំដើមឈើផងដែរ ប៉ុន្តែរន្ទះបាញ់បានឆក់យកជីវិតមមនុស្សចំនួន ២នាក់ និងរងរបួសស្រាលម្នាក់ថែមទៀត។
ប្រភពខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់ទី១ ឈ្មោះ ធន ថង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ទី២ បុិល យោម ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងម្នាក់ទៀតរងរបួសស្រាល ឈ្មោះ ស្រី គីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុនៅពេលសមត្តកិច្ចទទួលបានព័ត៌មាននេះ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យក្នុងករណីនេះ ឃើញថា នៅម៉ោងខាងលើមេឃពណ៏ខ្មៅកល់ចង់ភ្លៀង ជនរងគ្រោះនាំគ្នាទៅដេញសត្វពាហនៈ(គោ)មកផ្ទះ គ្រានោះមេឃចាប់ផ្ដើមធ្លាក់ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ ផ្គររន្ទះតែម្ដង រួចក៍បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនសាច់ញាតិជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន