ខេត្តកំពង់ស្ពឺ៖ មេអាប៉ោងនិងអ្នកចាក់១នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈកំពុងចំតិតអ៊ុតអាប៉ោង ក្រោយពេលអ្នកផ្សេងទៀតរត់បាតជើងសព្រាត បន្សល់តែម៉ូតូនៅនឹងកន្លែង ។
ការបង្ក្រាបអ្នកញៀនល្បែងអាប៉ោងនេះ ធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពនគរបាលស្រុកឧដុង្កបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីពលរដ្ឋល្អ រួចមក លោកវរៈសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកបានដឹកនាំកម្លាំងអធិការនគរបាលស្រុកឧដុង្គ ចុះទៅឃាត់មុខសញ្ញាលេងល្បែងស៊ីសង (អាប៉ោង) បានចំនួន២នាក់ ៖ ១-ឈ្មោះ ឆេង មើម ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឆេង ប៊ុនចេង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា តាមពិតអ្នកលេងល្បែងអាប៉ោងនេះ មានច្រលននាក់តែដោយសារអ្នកខ្កះឃើញសមត្ថកិច្ច ក៏បានរត់គេចខ្លួនអស់ទៅនៅសល់តែមេម្នាក់ និងអ្នកចាក់ម្នាក់ ដែលកំពុងរវក់ចំតិតគូថអ៊ុតអាប៉ោងរត់មិនរួចក៏ត្រូវឃាត់ខ្លួនតែម្តង ។
ក្នុងចំណោមជនសង្ស័យទាំង២នាក់ មានម្នាក់ត្រូវបានស្គាល់ថា ជាមេឈ្មួញឈើដ៏សកម្មប្រចាំស្រុកភ្នំស្រួច និងឱរ៉ាល់ផងដែរ គឺឈ្មោះ ឆេង មើម ។ ជននេះ ក្រៅពីដឹកឈើគេបានស្កាត់ដើររកលេងល្បែងគ្រប់ទីកន្លែង ព្រោះល្បែងនេះជាមុខរបរទី២របស់គេ ។
ក្រោយឃាត់ខ្កួនអ្នកទាំង២រួច មកសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៧គ្រឿង និងចានបាញ់អាប៉ោងចំនួន១ ។
ពេលនេះ ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ