ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងនិងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបើករ៉ឺម៉កកង់បីហើយត្រូវរថយន្តបើកបុកពីក្រោយពេញទំហឹងក្រឡាប់ផ្ងារជើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បើករ៉ឺម៉កកង់បី ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y 8597 បើកបរដោយបុរសម្នាក់ស្រវឹងជោកជាំធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹង បណ្តាលឲ្យកង់បីក្រឡាប់ផ្ងារជើងចំណែកម្ចាស់រងបួសធ្ងន់ ។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរ៉ឺម៉កកង់បី និងរថយន្តរួមទាំងនាំម្ចាស់រថយន្តបង្កទៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖