ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ និងសមត្ថកិច្ច ពាក់ព័ន្ធ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមកប្រជុំជាបន្ទាន់ ដើម្បីរិះរកគ្រប់វិធីនិងយុទ្ធសាស្ត្រឈានទៅដល់ការបង្ក្រាបបទល្មើស ពិសេសអំពើប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែង ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហា មកនេះ ។
ក្នុងកិច្ចប្រជុំបន្ទាន់នោះ មានការចូលរួមពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ កាលពីថ្ងៃសុក្រ ១៤កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ២៤ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយកើតឡើងជាយ ថាហេតុ ។ សមត្ថកិច្ចទាំងអស់មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូវរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ព្រោះនេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច។
លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌនីមួយៗ និងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាអោយបានល្អ ដាក់គោលដៅយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង បង្ក្រាបបទល្មើសគ្រឿងញៀន ពិសេសគឺការរួមគ្នាបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែងនៅកណ្ដាលក្រុង ទាំងថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហានេះ ដើម្បីចាប់បញ្ជូនជនសង្ស័យមកដាក់ទោសទៅតាមច្បាប់ បង្កើនជំជឿទុកចិត្តពីប្រជាពលរដ្ឋមកលើសមត្ថកិច្ចរបស់យើង។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ មានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ៥នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន ដោយយកអស់ទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងសហការគ្នាស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕ សំរិត