ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសន្តិសុខក្នុងបុរីភ្នំពេញថ្មី ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ បន្ទាប់ពីរូបគេ បម្រុងធ្វើសកម្មភាពលួចដែលក្នុងបុរីដឹកយកទៅលក់ ។
ករណីនេះ កើតឡើងវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបូរីភ្នំពេញថ្មី ក្រុម៣ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សេង សុផាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិបឹងបាយ៉ាប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ រី នុត ភេទប្រុស អាយុ១៥ឆ្នាំ ជាងដែក ស្នាក់នៅភូមិបឹងបាយ៉ាប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនរងគ្រោះ ឈ្មោះ ឆន សោភា ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងបុរីភ្នំពេញថ្មី (តំណាងក្រុមហ៊ុន) ។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ កំពុងលើកដែកបន្ទាដាក់លើរឺម៉ក់បម្រុងនិងជិះចេញ ពេលនោះសន្តិសុខបុរីភ្នំពេញថ្មីឃើញក៏ធ្វើការឃាត់ខ្លួនពួកគេ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បីចាត់វិធានការតាមច្បាប់ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតរ៉ឺម៉ក់ម៉ូតូ១គ្រឿង ដែកអន្ទារចំនួន៨គូ រួចប្រគល់ជូនក្រុមហ៊ុនបុរីភ្នំពេញថ្មីវិញ ។ ដោយឡែកជនសង្ស័យ ត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ៕ អារុណរះ