ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្រុមចោរជាជនជាតិចិន៥នាក់ ដាក់គុកព្រៃស ក្រោយចោទប្រកាន់ចំនួន៣ បទល្មើស ។
ក្រុមជនសង្ស័យជាជនជាតិចិនមានគ្នា ៥នាក់ រួមមាន៖ ទី១ ឈ្មោះ LEE JUNG CHUAN ហៅ LOA LY ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ ចោរ ,ទី២ ឈ្មោះ CHEN CHEN ហៅ PANG ZHI ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ចោរ ,ទី៣ ឈ្មោះ WANG XAINWEI ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ចោរ ,ទី៤ ឈ្មោះ XU ZHAN CIANG ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ចោរ , និងទី៥ ឈ្មោះ ZHANG YOUNG JIAN ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ចោរ ។
គួររំលឹកផងដែរថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិ៥នាក់នោះ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្តកិច្ចនគរបាលខណ្ឌទួលគោក ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់មួយពីជនរងគ្រោះជាជនជាតិចិនដូចគ្នាថា មានជនជាតិចិនមួយក្រុម បាន និងកំពុងចាប់បង្ខាំងមនុស្ស នៅចំណុចអគារសម្រាប់ជួល ដីឡូតិ៍លេខ២ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១។ ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់នោះ នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយមានការសហការជាមួយនគរបាលខណ្ឌសែនសុខ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូង នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែសីហា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់តែម្ដង។
ប្រភពព័ត៌មានបន្តថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនទាំងនេះ បានរកឃើញបទល្មើសជាក់ស្តែងចំនួន៣បទល្មើស ១.បទកំហែងយក(គំរាមទារប្រាក់) ២.បទលួច(លួចកាបូលុយជនរងគ្រោះចំនួន២០.០០០ដុល្លារអាមេរិក និងលិខិតឆ្លងដែនមួយក្បាល) និង៣.បទបង្ខាំងទុកធ្វើទារណកម្មជំរិតទារប្រាក់(យកដែកដងអំបោស កូនកាំបិតវះដៃ យកខ្សែចំណងពណ៌ស ចងជើងជនរងគ្រោះ ដោយធ្វើទារណកម្មលើជនរងគ្រោះ បណ្តាលឲ្យរងរបួសច្រើនកន្លែង គំរាមជំរិតទារប្រាក់ចំនួន២០០.០០០យ័ន្ត ដែលប្រព្រឹត្តនៅ៣ទីតាំងផ្សេងគ្នា។
ទីតាំងដែលជនសង្ស័យប្រព្រឹត្តបទល្មើសរួមមាន ទីតាំងទី១.(បទល្មើសកំហែកយក) បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលលេខ៩២ ផ្លូវ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទីតាំងទី២.បទល្មើស(លួច)កើតហេតុកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ៤០០ នៃសណ្ឋាគារ RAVER STA ដែលស្ថិតនៅផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
និងទីតាំងទី៣.បទល្មើស(បង្ខាំងទុកជំរិតទារប្រាក់) កើតហេតុកាលពីវេលាម៉ោងប្រហែល២និង៤០នាទី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអគារសម្រាប់ជួល ដីឡូតិ៍លេខ២ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបង្ហើបឲ្យដឹងថា ដោយយោងទៅលើពាក្យបណ្តឹងផ្ទាល់មាត់ និងជាករណីបង្ក្រាបជាក់ស្តែង រួមទាំងចម្លើយជនសង្ស័យទាំង៥នាក់ មានភាពស៊ីសង្វាក់ប្រហាក់ប្រហែលគ្នា សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានសន្មត់ការចោទប្រកាន់ចំនួន៣បទល្មើស ដូចបានរៀបរាប់ខាងលើនេះ។ បន្ទាប់មក ជនសង្ស័យក៏ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមផ្លូវច្បាប់។
ក្រោយពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចចោទប្រកាន់ជនជាតិចិនទាំង៥នាក់ហើយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់គុកព្រៃស ៕ស តារា