ខេត្តកំពង់ធំ៖ មានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងធំ នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា គ.ស២០១៨ ស្ថិតនៅភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសុក ខេន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ព្រំ ហួយ អាយុ៥២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មានផ្ទះទំហំ៧.៥០ម៉ែត្រគុណ១៣ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ក្បឿង ក្រោយពេលពន្លត់ជាស្ថាពរ ឃើញថា មានការខូចខាត: ឆេះរោលជញ្ជាំង និងក្បឿងតិចតួចតែប៉ុណ្ណោះ មូលហេតុអុជទៀនសែនឆេះអង្កែ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ម៉ែត្រគូប ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួង ម៉ូលី អធិការស្រុកសណ្តាន់ មានកម្លាំងចំនួន១០នាក់ និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលទើបអាចរលត់ទាំងស្រុង ករណីខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់អ្នកជិតខាងនោះទេ ៕ ប៊ុនរិទ្ធី