ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកALPHARD ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ បានបុកម៉ូតូហុងដាឌ្រីម០១២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ និងបុរសម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់ទាំង២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដាលផ្លូវលេខ៤៣០ កែងនិងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ខចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព៌ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ឌុបស្រ្ដីម្នាក់ទៀតដែលមានទំងន់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-2175 តាមបណ្ដោលផ្លូវលេខ៤៣០ ទិសដៅពីត្បូងទៅជើង ខណៈជិះមកដល់ពាក់កណ្ដាលផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-1099 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន បានធ្វើដំណើរបណ្ដោយផ្លូវលេខ១៨៣ ក្នុងទិសដៅពីលិចទៅកើត ហើយក៏បានបុកម៉ូតូពីចំហៀងពេញទំហឹង បណ្ដាលឲ្យស្រ្ដីពពោះម្នាក់និងបុរសម្នាក់ជានាក់រត់ម៉ូតូឌុបរងរបួសធ្ងន់ទាំង២នាក់ ចំណែកឯរថយន្ដបង្កនិងម៉ូតូរងការខូចខាតតិចតួច។
ក្រោយកើតហេតុភ្លាមៗ បុរសនិងស្រ្ដីរងគ្រោះខាងលើត្រូវបានរថយន្ដសង្គ្រោះរបស់មន្ទីពេទ្យឯកជន សុខ លាភមេត្រី ដឹកយកទៅសង្គ្រោះ ។ ចំណែកឯបុរសជាជនចិនដែលជាអ្នកបើករថយន្ដបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅនិងកន្លែង ។ ដោយសារតែមានសាច់ញាតិជនរងគ្រោះខាងលើបានមកដល់មន្ទីពេទ្យ និងមានការសុំសម្រួលចេញថ្លៃរបួស និងថ្លៃជំងឺចិត្តពីភាគីខាងជនបង្កជាជនជាតិចិន សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យដោះស្រាយគ្នាចប់ត្រឹមយប់ហ្នឹងតែម្ដង ៕ ភារ៉ា ដង្កោ