ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងសង្វៀនបញ្ជល់មាន់មួយកន្លែងស្ថិតនៅក្នុងបន្ទាយយោធាវរៈសេនាតូចលេខ៥៣៤បើកយ៉ាងរឹងមាំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បន្ទាយយោធាមួយកន្លែងកំពុងក្លាយជាកំផែងការពារយ៉ាងរឹងមាំ ដល់ពួកអ្នកប្រព្រឹត្តល្បែងស៊ីសងបង្កើតសង្វៀនបញ្ជល់មាន់ ដែលបានដំណើរការយ៉ាងគគ្រឹកគគ្រេងជិតមួយឆ្នាំកន្លងមកនេះ ។ នេះបើតាមប្រភពព័ត៌មាន ដែលផ្ដល់ដោយមន្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ។

ប្រភពពីមន្ត្រីយោធាម្នាក់មិនបញ្ជញឈ្មោះបានឱ្យដឹងថា៖ គេមិនហ៊ានប្រាប់ ឈ្មោះមន្ត្រីយោធា ដែលថ្លើមធំហ៊ានយកបន្ទាយយោធា បង្កើត ធ្វើជាជម្រកល្បែងស៊ីសងនេះយ៉ាងខ្លាំង គ្មានខ្លាចញញ៉ើតនរណា ។ ប៉ុន្តែសង្វៀនបញ្ជល់មាន់គ្មានច្បាប់ទម្លាប់ដ៏ធំនោះ ស្ថិតនៅក្នុងបន្ទាយយោធាក្នុងវរ:សេនាតូចលេខ៥៣៤ ដែលមានទីតាំងស្ថិតនៅភូមិកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានបង្ហើបបន្តថា៖ សង្វៀនបញ្ជល់មាន់ដ៏ធំនេះ ដែលជ្រកនៅ ក្នុងបន្ទាយយោធាដ៏រឹងម៉ាំខាងលើនេះ បានបើកដំណើរការជិត ១ឆ្នាំទៅហើយ។ ក្នុងមួយសប្ដាហ៍បើកទទូលអតិថិជនចូលទៅ២ថ្ងៃ គឺនៅថ្ងៃពុធនិងថ្ងៃសៅរ៍តែម្ដង ។ អ្នកដែលញៀននឹងល្បែងបញ្ជល់មាន់នេះ រាប់រយនាក់មានគ្រប់សមាសភាពពេលដល់ថ្ងៃណាត់ផ្គូរផ្គងមាន់ម្ដងៗ ដែលមកពីតាមបណ្ដាស្រុកនានា ទាំងនៅខេត្តប៉ៃលិន និងបាត់ដំបង ។

អ្នកញៀននឹងល្បែងនេះបានលើកឡើងថា៖ ទីតាំងសង្វៀនមាន់នេះ មានសុវត្ថិភាពល្អ មានភាពរឹងមាំហើយកក់ក្ដៅក្នុងការភ្នាល់គ្នា ល្បែងស៊ីសង ដោយសារតែទីតាំងនេះ ហ៊ុំព័ទ្ធដោយកំផែងយោធា ដែលសមត្ថកិច្ចមិនអាចមករំខានបានឡើយ។

ជុំវិញការបង្កើតឲ្យមានសង្វៀនមាន់បង្កប់ ក្នុងបន្ទាយយោធាវរ:សេនាតូចលេ៥៣៤ ខាងលើនេះអ្នក ព័ត៍មានបានស្វែងរកប្រភពពីមន្ត្រីណាបានឡើយ និងមេបញ្ជាការអង្គភាពនោះ ដើម្បីសុំការបំភ្លឺ តែមិនអាចទំនាក់ទំនងបានឡើយ រហូតដល់ពេលថ្មី នេះ ។

ពលរដ្ឋដែលនៅជិតនោះ បានត្រឹមតែជ្រួញ ឆ្ងល់គ្រប់ៗគ្នា ដោយឃើញមានមនុស្សជាច្រើនបាន ជិះម៉ូតូស្ពាយ ឬដាក់មាន់បីយកទៅជល់ចូលបន្ទាយយោធានោះ ចូលទៅអួតដាក់គ្នា ស្ទើររៀងរាល់សប្ដាហ៍ ។

ពលរដ្ឋ បានរិះគន់ចំពោះថ្នាក់ដឹកនាំនៅបន្ទាយយោធានោះថា៖ ថ្លើមធំ មិនគួរណាយកបន្ទាយយោធាធ្វើជាទីតាំងបញ្ជល់ ទៅប្រព្រឹត្តជាល្បែងស៊ីសងបែបនេះ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសកងទ័ព ដែលជាកម្លាំងការពារជាតិ ៕ស សារ៉េត


ចែករំលែក៖