ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីស្លាប់ និងប្រពន្ធរងរបួសស្រាលចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូនឹងម៉ូតូបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក សព២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៤០នាទីល្ងាច នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៧ និង១៥៨ស្ថិតក្នុងភូមិត្រពាំងប្លុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថា បុរសដែលស្លាប់មានឈ្មោះពៅ ពេជ្រសង្វា អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ និងប្រពន្ធរងរបួសស្រាលឈ្មោះ យ៉ាន មាសស្នេហ៍ អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រ និងមានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ ។ ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាC125(ស៊េរី2016)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FH-0036ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីម្ខាងទៀតដែលរងរបួសធ្ងន់ឈ្មោះពៅ ធារិទ្ធភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H_4722 ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានប្ដីប្រពន្ធ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125(ស៊េរី2016) ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FH-0036 ដោយធ្វើដំណើរពីកើតមកលិចមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនឹងម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពាក់ស្លាកលេខស្វាយរៀង1H4722ជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតរដូកករណែលពេញផ្លូវតែម្ដង ។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ និងយកភាគីរងគ្រោះមកកាន់មន្ទីរពេទ្យឯកជនពន្លឺបូព៌ាបាវិត និងបានវាស់វែងព្រមទាំងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖